ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ2020 លោក Kim Hyung Jun នាយកប្រតិបត្តិ ក្រុមហ៊ុន Jin Sung Group ផ្នែកប្រពន្ធ័ Technology នៃសាធារណរដ្ឋកូរ៉េ និងលោកស្រី ហៃ តារា អគ្គនាយិកាប្រតិបត្តិ ក្រុមហ៊ុន NATURAL MAGIC បានគោរពស្នើសុំការគាំទ្រពីលោករដ្ឋមន្រ្តី ក្នុងសកម្មភាពការងារ របស់ក្រុមហ៊ុន សម្រាប់ត្រៀមលក្ខណៈបញ្ជូន សិល្បការិនីកម្ពុជាចំនួន ៤ រូប ទៅចូលរួមក្នុងកម្មវិធី មហោស្រពល្ខោនពានអន្តរជាតិលើកទី១៥ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នាខែកញ្ញាឆ្នាំ២០២០។
លោកស្រី ហៃ តារា នាយិកាប្រតិបត្តិ ក្រុមហ៊ុន NATURAL MAGIC បានជម្រាបជូនថា សម្រាប់ឆ្នាំ២០២០នេះ ប្រទេសកូរ៉េបានអោយក្រុមហ៊ុន Jin Sung Group ផ្នែកប្រពន្ធ័ Technology ចូលក្នុងព្រឹត្តការណ៍មហោស្រពល្ខោនពានអន្តរជាតិលើកទី១៥ នៅសាធារណរដ្ឋកូរ៉េ ប៉ុន្តែ ក្រុមហ៊ុន Jin Sung Group បានផ្តល់សិទ្ធិអោយក្រុមហ៊ុន NATURAL MAGIC ជាអ្នកជ្រើស រើសសិល្បករទៅចូលរួមក្នុងកម្មវិធីនោះ។
លោកស្រីបានបញ្ជាក់ថា ការជ្រើសរើសសិល្បការិនី ខ្មែរចំនួន ៤រូបនេះ គឺពួួកគាត់មានប្រវត្តិជាអ្នកសម្តែងរឿងភាគ តាមបណ្តាស្ថានីយ៍ទូរទស្សន៍នានា និងមានរូប សម្រស់ ស្រស់ស្អាត មានសមត្ថភាព ក្នុងការសម្តែង ដើម្បីទៅចូលរួមក្នុងមហោស្រពល្ខោនពានរង្វាន់អន្តរជាតិលើកទី១៥ នៅ សាធារណរដ្ឋកូរ៉េ ដែលនឹធ្វើឡើងចាប់ ពីថ្ងៃទី៨ ដល់ទី១០ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ដែលកម្មវិធីនោះ គ្រោងនឹងមានអ្នកចូលរួមមកពីបណ្តាប្រទេស ចំនួន៨២ ប្រទេស។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគាំទ្រចំពោះសកម្មភាពការងាររបស់ ក្រុមហ៊ុនកូរ៉េ ដែលបានជ្រើសរើស សិល្បការិនីខ្មែរ ទៅចូលសម្តែងក្នុងកម្មវិធីជាលក្ខណៈអន្តរជាតិ នៅប្រទេសកូរ៉េ។
លោក បញ្ជាក់ថា ការជ្រើសរើស សិល្បការិនី ខ្មែរ ទៅចូលសម្តែងក្នុងកម្មវិធីជាលក្ខណៈអន្តរជាតិ នៅប្រទេសកូរ៉េ ដើម្បីជាការរួមចំណែក លើកកម្ពស់វិស័យសិល្បៈខ្មែរ នៅលើឆាកអន្តរជាតិ ហើយតាមរយៈនេះ ឯកឧត្តម រដ្ឋមន្រ្តី បាន ជូនពរអោយគម្រោងការងារនេះទទួលបានជោគជ័យ៕
ប្រភព៖ AKP