ខេត្តកំពត ៖ ពលរដ្ឋជាច្រើនរយនាក់បាននាំគ្នាចូលលេងល្បែងក្នុងកាស៊ីណូមួយយីហោ «សុខ គីមម៉េង» ដែលមានទីតាំងនៅតំបន់តន់ហន់ ជាប់ព្រំដែនប្រទេសវៀតណាម ស្ថិតក្នុងភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ដោយសេរី និងមិនមានការហាមឃាត់ណាបន្តិចពីសមត្ថកិច្ច សង្ស័យថៅកែទិញទឹកចិត្តអ្នកមានភារកិច្ចហាមឃាត់ទេដឹង..!
បើតាមសេចក្តីរាយការណ៍មួយបានបង្ហើបថា៖ កាស៊ីណូមួយនេះកាលពីឆ្នាំ២០១៩ មានជនជាតិវៀតណាមមកលេងខ្លះៗ និងប្រជាពលរដ្ឋខ្មែរ តែបន្ទាប់ពីបានផ្ទុះជំងឺឆ្លងកូវីដ-១៩នោះមក ស្ថានភាពនៅតាមព្រំដែន អាជ្ញាធរវៀតណាមបានបិទមិនអោយពលរដ្ឋរបស់ខ្លួនឆ្លងកាត់មកលេងល្បែងនោះទេ។ ទើបបើកទូលាយឱ្យពលរដ្ឋខ្មែរចូលលេងទាំងបំពានច្បាប់ និងអាជ្ញាបណ្ណរបស់ខ្លួន ។
ប្រភពខ្លះបានលើកឡើងថា៖ កាស៊ីណូយីហោ «សុខ គីមម៉េង» នៅតន់ហន់មួយនេះ យកខ្នងអ្នកមានអំណាចមកអួតអាង ហើយបើកការលេងល្បែងស៊ីសងគ្រប់ប្រភេទយ៉ាងគគ្រឹកគគ្រេង មានទាំងរថយន្ត និងម៉ូតូរាប់ពាន់គ្រឿងដាក់តំរៀបនៅកន្លែងផ្ញើ និងនៅតាមដងផ្លូវចូលទៅកាន់ច្រកទ្វារទ្វេភាគីតន់ហន់យ៉ាងថាន់តែម្តង។ ក្រៅពីនោះក៏មានការទទួលបញ្ចាំ ផ្តល់ភាពងាយស្រួលដល់អ្នកលេង ងាយបាត់បង់ទ្រព្យសម្បត្តិ ខណៈញៀនងប់ងល់នឹងល្បែងនោះ ។
លោកសេក ឈឹន មេឃុំព្រែកក្រឹស និងជាអ្នកចាស់ទុំនៅតន់ហន់ ក៏បានថ្លែងប្រាប់សារព័ត៌មាន ក្នុងស្រុកអោយដឹងកាលពីរសៀលថ្ងៃទី១៦ ខែសីហា នេះថា ៖ លោកមិនសប្បាយចិត្តនឹងការបើកល្បែងស៊ីសងនេះទេ។ លោកសេក ឈឹន បានថ្លែងប្រាប់បន្តថា បិទសាលារៀនមិនឱ្យក្មេងរៀន តែបើកល្បែងស៊ីសងមានបញ្ជល់មាន់ អាប៉ោង និងខ្លាខ្លោក-យូគីបៀរ នាំគ្នាហូរកញ្ចៀវយ៉ាងគ្រហឹងអឹងកងតែម្តង។
លោក សេក ឈឹន លើកឡើងថា ៖ អាជ្ញាធរវៀតណាម គេមានច្បាប់តឹងតែងណាស់ បន្ទាប់ពីផ្ទុះកូវីដ-១៩មក ប្រជាជនគេ គឺគេមិនឱ្យឆ្លងកាត់មកលេងទេ សូម្បីតែម្នាក់ក៏គ្មានដែរ។ រីឯប្រជាពលរដ្ឋខ្មែរ រាប់រយរាប់ពាន់នាក់ក្នុងមួយថ្ងៃៗចូលមកលេងក្នុងកាស៊ីណូមិនមានអ្នកហាមឃាត់សោះ។ ហើយម្នាក់ៗឮសូរតែចាញ់ជម្លោះក្នុងគ្រួសារឥតឈប់។ លោកសេក ឈឹន ក៏បានឃើញជាក់ស្ដែងម៉ូតូ និងរថយន្តច្រើនណាស់។
មន្ត្រីអាជ្ញាធរមូលដ្ឋានបានរិះគន់ថា៖ កាសុីណូ យីហោ «សុខ គីមម៉េង» បើគ្មានភ្លើងខៀវពីអស់លោកមានអំណាចខ្លះ ជឿថា ពួកគេមិនថ្លើមធំដល់ម្លឹងទេ ។ ប៉ុន្តែអ្វីដែលរងគ្រោះ ជួបរឿងអស់ទ្រព្យសម្បត្តិ ឈ្លោះក្រុមគ្រួសារគឺពលរដ្ឋខ្មែរ។ ចំណែកអ្នករកសុី ហ៊ានបំពានច្បាប់ ច្របាច់ក ពលរដ្ឋខ្មែរកៀបយកលុយនឹងល្បែងនេះពេញទីទៅហើយ។
ពាក់ព័ន្ធករណីដែលកាសុីណូយីហោ «សុខ គីមម៉េង» នៅច្រកតន់ហន់ អនុញ្ញាតឱ្យពលរដ្ឋខ្មែរចូលលេង លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ បានឱ្យអង្គភាព«នគរដ្រេហ្គន»ដឹងតាមទូរស័ព្ទថា៖ ចំពោះកាសុីណូមួយនេះ ខ្ញុំបានឱ្យស្នងការចុះពិនិត្យម្តងរួចមកហើយ ក្រោយទទួលព័ត៌មានដូចបញ្ជាក់ខាងលើនេះ។ ជាលទ្ធផលលោកស្នងការរាយការណ៍មកថា គេមានច្បាប់ និងមិនមានពលរដ្ឋខ្មែរចូលលេងទេ។ លោកអភិបាលខេត្តបន្តថា៖ ក្រោមមកអាជ្ញាធរខេត្ត និងក្រសួងសុខាភិបាល បានចុះពិនិត្យដើម្បីអនុវត្តតាមវិធានការក្រសួងសុខាភិបាល ដើម្បីការពារ ការរាតត្បាតជំងឺវីរុសកូវីដ-១៩ ក្នុងនោះខ្ញុំបានប្រគល់ភារកិច្ចទៅអភិបាលរងខេត្តម្នាក់ធ្វើកិច្ចការនេះជាមួយខាងក្រសួង។
សម្រាប់ព័ត៌មានដែលថា មានពលរដ្ឋខ្មែរចូលលេងក្នុងកាសុីណូ លោកអភិបាលខេត្តថ្លែងថា៖ នេះជាអំពើល្មើសច្បាប់ ខណៈច្បាប់កាសុីណូ មិនត្រូវបានអនុញ្ញាតឱ្យពលរដ្ឋខ្មែរចូលលេងឡើយ។ លោកអភិបាលខេត្តបានប្រកាសថា៖ ខ្ញុំនឹងឱ្យលោកស្នងការខេត្តចុះទៅពិនិត្យមើលម្តងទៀត បើមានមែន ខ្ញុំត្រូវចុះបិទអាជីវកម្មដំណើរការកាសុីណូនេះតែម្តង៕
ដោយ៖ សិលា