ខេត្តបាត់ដំបង៖ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបើកប្រតិបត្តិការបង្ក្រាបករណីអំពើលួច យកម៉ូតូ នឹង ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ១ករណី និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់។
មន្រ្តីនគរបាលព្រហ្មទណ្ឌខេត្តបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពីលោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ប៉ូវ វណ្ណឌី ស្នងការរង ជំនួយការការងារព្រហ្មទណ្ឌ និង មានការសម្របសម្រួលទៅលើនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផង។
ជនសង្ស័យចំនួន ៣នាក់ដែលឃាត់ខ្លួនបានមាន÷
១/ឈ្មោះ លី រ៉នី ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ។
២/ឈ្មោះ សុវណ្ណ តុលា ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅ ភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។
៣/ឈ្មោះ វឿត សូរិយា ហៅ តូយ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រភពដដែលបានបញ្ជាក់ថាជនសង្ស័យខាងលើបានធ្វើសកម្មភាព លួចយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ បេង ចាន់ទី ភេទស្រី អាយុ ២០ឆ្នាំ មានទីលំនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ។
ចំណែកជនសង្ស័យឈ្មោះ លី រ៉នី បានធ្វើសកម្មភាពកាត់សោទ្វារផ្ទះ ចូលយកទ្រព្យសម្បត្តិ (គ្រែ) តែម្នាក់ឯង ដែលជារបស់ជនរងគ្រោះឈ្មោះ ហែ រតន: ភេទប្រុស អាយុ ៣០ឆ្នាំ នៅចំណុចភូមិរំចេក១ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្រោយឃាត់ខ្លួនជនសង្ស័យ៣នាក់ខាងលើ សមត្ថកិច្ចបានរឹបអូសវត្ថុតាងដកហូតរួមមាន៖
-ម៉ូតូម៉ាក ហុងដា ស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០២០ លេខតួ 8158831 លេខម៉ាស៊ីន 8158831 ពាក់ផ្លាកលេខ បាត់ដំបង 1AH-7255 (ជាម៉ូតូរបស់ជនរងគ្រោះ)
– គ្រែចំនួន ០២
– តុបេងចំនួន ០១ ។
បច្ចុប្បន្នការិយាល័យជំនាញ កំពុងតែកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមច្បាបើ៕
ដោយ÷ ប្រាថ្នា