ខេត្តត្បូងឃ្មុំ៖ រោងសន្និធិរបស់លោកឧកញ៉ា វ័ន ប៊ុនថៃ មួយកន្លែងស្ថិតនៅភូមិសុក្រំជ្រុំ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ត្រូវបានសមត្ថកិច្ចចម្រុះ ដឹកនាំដោយលោក ហៀង សុភក្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំចុះត្រួតពិនិត្យ នៅវេលាម៉ោង១រសៀល ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ តែមិនទាន់បានវាស់វែងជាផ្លូវការនៅឡើយ ។
លោកហៀង សុភក្រ បានឲ្យដឹងថា ពេលបើកសោរោងសន្និធិរបស់លោកឧកញ៉ា វ័ន ប៊ុនថៃ ស្ថិតនៅចំណុចខាងលើនេះ បានពិនិត្យឃើញថា ក្នុងរោងស្តុកឈើអារនេះ ឈើមួយចំនួនលោកបានសម្រេចផ្អាកការត្រួតពិនិត្យ ដោយពុំមានការវាស់វែងឈើទាំងនេះទេ ។ ដោយទុករយៈពេលពិភាក្សាបច្ចេកទេសជាមួយគណៈកម្មការថ្នាក់ខេត្តសិន ។
ក្នុងនោះ លោកព្រះរាជអាជ្ញាបានបញ្ជាក់ថា លោកបានដាក់កម្លាំងចម្រុះយាមការពាររោងសន្និធិ ដើម្បីកុំឲ្យមានការចល័តឈើចេញ និងរក្សាភាពដើម ដើម្បីទុកចាត់ការ តាមនីតិវិធី ។
លោកព្រះរាជអាជ្ញាបានបញ្ជាក់ថា លោកបានប្រគល់សោឃ្លាំងរោងសន្និធិជូនលោក សួស ដាវី នាយផ្នែករដ្ឋបាលព្រៃឈើត្រើយឆ្វេងដើម្បីរក្សាទុក ហើយបិទរោងសន្និធិខាងលើនេះជាបណ្តោះអាសន្នរហូតមានសេចក្តីសម្រេចជាថ្មី ។
ការរកឃើញឈើហើយ បែរជាផ្អាកមិនវាស់វែងភ្លាមៗបែបនេះ ត្រូវបានមហាជនមានការងឿងឆ្ងល់ថា ហេតុអ្វីមិនចំណាត់ការវាស់វែងភ្លាមៗ រកមើលឈើស្របច្បាប់ និងឈើមិនស្របច្បាប់មានប៉ុន្មានទៅ ហេតុអ្វីក៏ពន្យារពេល? ឬទុកឲ្យម្ចាស់ឈើដ៏មានឥទ្ធិពល និងជាឆ្នាំងបាយរបស់សមត្ថកិច្ចខាងលើរត់ការធ្វើច្បាប់បំពេញបន្ថែមទៀត នៅពេលរួចរាល់ ទើបមកវាស់វែង ហើយឆ្លើយថា ឈើមានច្បាប់ទាំងអស់ ស្របច្បាប់ទាំងអស់ ។
កន្លងមកថ្មីៗនេះ ឃ្លាំងស្តុកឈើរបស់លោកឧកញ៉ា វ័ន ប៊ុនថៃ ស្ថិតទៅខាងកើតឃ្លាំងនេះប្រហែល២០០ម៉ែត្រ ត្រូវបានពន្យារពេលបែបនេះ ហើយក្រោយមក មេការរបស់លោកឧកញ៉ា ប៊ុនថៃ ឈ្មោះ ធី បានប្រើល្បិចកប់ឈើក្នុងដី ហើយពេលស្ងាត់ក៏យកអេស្កាវ៉ាតើ កាយឈើ រួចដឹកទៅលាក់ទុកនៅម្តុំដេប៉ូនៅស្រុកកោះសូទិន ។
ប្រជាពលរដ្ឋដែលដឹងល្បិចបែបនេះសំណូមពរដល់លោកឆេង គឹមសុន មេត្តាពិនិត្យកូនចៅផងដែលកំពុងលេងល្បិចបោកប្រាស់ថ្នាក់លើ ៕


ដោយ៖ ហេង សូរិយា










