ទីបំផុត! ​វៀតណាមករណីឆ្លង COVID-19 កើនឡើង​លើសពី ១​ពាន់​ករណី

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមតួលេខរបស់ក្រសួងសុខាភិបាលប្រទេសវៀតណាម  បានរាយការណ៍ថា គិត​ត្រឹម​ថ្ងៃ​២០ ខែសីហា​ម្សិលមិញនេះប្រទេសខ្លួនមាន​ករណី COVID-19 សរុប​លើសពី ១​ពាន់​ករណី​ហើយ ។ ខណៈដែលនៅ​ថ្ងៃទី​២០ ខែសីហា អាជ្ញាធរបានប្រកាសថា​ មាន​ករណី​ឆ្លង​COVID-19 ថ្មី​ចំនួន ១៤​ករណី​ទៀត ។ ភាគច្រើន​នៃ​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ថ្មី​នៅ​វៀតណាម គឺមាន​ពាក់ព័ន្ធ​ទៅនឹង​ទីក្រុង​ដា​ណា​ង​។

ប៉ុន្តែបើទោះបីជា​ COVID-19 បាន​ផ្ទុះឡើង​នៅក្នុង​ទីក្រុង​ដា​ណា​ង​ក៏ដោយ ប៉ុន្តែ​អាជ្ញាធរ​បាន​ទប់ស្កាត់​ការ​រាតត្បាត​យ៉ាង​ប្រសើរ ពោលគឺ​មិន​ឲ្យ​ផ្ទុះ​ខ្លាំង​នៅ​តំបន់​ផ្សេង​ទៀតឡើយ សូម្បីតែ​តំបន់​ក្បែរ​ខាង​ដា​ណា​ង​។​

​ដោយឡែកវិធានការទប់ស្កាត់របស់អាជ្ញាធរវៀតណាមមានដូចជា៖ ការរក្សា​គម្លាត​សុវត្ថិភាព វាស់​កម្តៅ ការអំពាវនាវ​ឲ្យ​ប្រជាជន​ពាក់​ម៉ាស់ការ​រឹតត្បិត​លើក​ជួបប្រជុំ និង​វិធានការ​ផ្សេងទៀត សុទ្ធតែជា​យុទ្ធសាស្ត្រ​របស់​វៀតណាម ក្នុងការ​ទប់ស្កាត់​ការ​រាតត្បាត​កូ​រ៉ូ​ណាវី​រុស​នៅក្នុង​ប្រទេស​។

​សូមជម្រាបថា ទីក្រុង​ដា​ណា​ង បាន​រាយការណ៍​ពី​ករណី​ផ្ទុះ​COVID-19 ដំបូង នៅ​ចុងខែ​កក្កដា​កន្លងមក បន្ទាប់ពី​មិនមែន​ករណី​ឆ្លង​នៅក្នុង​ស្រុក​តាំងពី​ថ្ងៃទី​១៦ ខែមេសា​។ ករណី​ផ្ទុះ​នេះ ត្រូវបាន​អាជ្ញាធរ​អះអាងថា គឺមាន​ពាក់ព័ន្ធ​នឹង​មន្ទីរពេទ្យ​បី​កន្លែង​ក្នុង​ទីក្រុង ចំណែក​ប្រភព​ចម្លងគឺ​គេ​មិនទាន់បាន​រកឃើញ​នៅឡើយ​ទេ​ ។

គួរបញ្ជាក់ថា តួលេខខាងលើ​នេះ បានធ្វើ​វៀតណាម​កើនឡើង​ករណី​ឆ្លង​សរុប​ដល់ ១០០៧​ករណី​។ ចំណែក​អ្នក​ស្លាប់មាន​ចំនួន ២៥​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៥៤២​នាក់​ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print