ខេត្តបន្ទាយមានជ័យ៖យ៉ាងហោចណាស់មានមនុស្ស២នាក់បានស្លាប់ក្នុងថ្ងៃតែមួយដោយគ្រោះថ្នាក់ចរាចរណ៍ ពីរករណីផ្សេងគ្នាដោយរថយន្តបុក នៅថ្ងៃទី២២ខែសីហា ឆ្នាំ២០២០ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ករណីទី១កើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២២ខែសីហាឆ្នាំ ២០២០ នៅលើផ្លូវជាតិលេខ២៥៨ត្រង់ចំណុចចន្លោះបង្គោល គីឡូម៉ែត្រលេខ១៥ទៅ១៦នៅ ភូមិ ទំនប់ដាច់ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយរថយន្តបុកជាមួយម៉ូតូ
ករណីនេះ ដំបូងគឺមានរថយន្ត០១គ្រឿងម៉ាក សាំយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2T.8284 បានធ្វើដំណើរពីទិសខាងត្បូងទៅជើង។លុះ ពេលដល់ចំណុចកើតហេតុបានបុកម៉ូតូ០១គ្រឿងម៉ាកហុងដាវ៉េវ ពណ៌ក្រហមគ្មានស្លាកលេខ បើកបរដោយឈ្មោះ រិន រ៉ា ភេទប្រុស អាយុ៤៥ ឆ្នាំមានលំនៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុក អូរជ្រៅខេត្តបន្ទាយមានជ័យ ខណៈមកពីបាញ់ថ្នាំស្រូវ ធ្វើដំណើរពីទិសខាងជើងទៅត្បូងច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរ ម៉ូតូរងបួសធ្ងន់ បន្ទាប់មកបានស្លាប់នៅពេលដឹកទៅមន្ទីរពេទ្យ ។ ចំណែកអ្នកបើកបររថយន្តក្រោយកើតហេតុបានរត់គេចខ្លួន បាត់បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។មូលហេតុម៉ូតូបានបើកចូលគន្លងផ្លូវរថយន្ត ឯរថយន្តបើកមានល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ ។
លោកអធិការបានបញ្ជាក់ទៀតថា រីឯករណីទី២កើតឡើងនៅវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី២២ខែសីហាឆ្នាំ២០២០ ក្នុងទីប្រជុំជនលើកំណាត់ ផ្លូវជាតិលេខ៥ ស្ថិតនៅ ភូមិខៃដន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កើតឡើងដោយរថយន្តបុកអ្នកថ្មើរជើងឆ្លងថ្នល់ ។ដោយដំបូងមានរថយន្ត០១គ្រឿងម៉ាកតូយ៉ូតា កាមរី ពណ៌បៃតងចាស់ពាក់ស្លាកលេខ ភ្នំពេញ2I. 3001បើកពីទិសខាងកើតទៅលិច។ពេលមកដល់កន្លែងកើតហេតុ ស្រាប់តែទៅបុកអ្នកថ្មើរជើងកំពុងឆ្លងថ្នល់ ឈ្មោះ សួយ គឹមសាន ភេទប្រុស អាយុ១០ឆ្នាំ រស់នៅ ភូមិខៃដន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ធ្វើដំណើរពីទិសខាងជើង ទៅត្បូង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ក្រោយពីកើតហេតុ អ្នកបើកបរបានរត់គេចខ្លួនបាត់ តែត្រូវបានសមត្ថកិច្ចស្រាវជ្រាវស្គាល់ ឈ្មោះ ឈាង វត្ថា ភេទប្រុស អាយុ៣១ឆ្នាំរស់នៅ ភូមិអូរអំបិល សង្កាត់រអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។មូលហេតុ ដែលកើតមានគ្រោះថ្នាក់ អ្នកបើកបររថយន្ត បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយត្ន័។
បច្ចុប្បន្នវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាន រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។ ចំណែកសាកសព ជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ដោយ÷វណ្ណា