ឆេះព្រៃនៅកាលីហ្វ័រនីញ៉ា ប្រធានាធិបតីត្រាំប្រកាសអាសន្ន

ចែករំលែក៖

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានប្រកាសអាសន្នផ្ទួនៗគ្នា​ពីគ្រោះធម្មជាតិ​ភ្លើងឆេះព្រៃនិងខ្យល់ព្យុះនៅរដ្ឋពីរផ្សេងគ្នាក្នុងទឹកដីអាមេរិក។ ប្រធានាធិបតីត្រាំ បានសម្រេចប្រកាសអាសន្នពីភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រនីញ៉ា ក្រោយភ្លើងឆេះកាន់តែខ្លាំងឡើងមិនទាន់អាចគ្រប់គ្រងបាន។
ចំពោះការរាលដាលនៃភ្លើងឆេះព្រៃកាន់តែខ្លាំងឡើងនៅរដ្ឋកាលីហ្វ័រនីញ៉ា លោកត្រាំបានប្រកាសអាសន្ន ក្នុងរដ្ឋនេះ ហើយអនុញ្ញាតឲ្យចំណាយមូលនិធិសហរដ្ឋ​ជួយដល់រដ្ឋាភិបាល និងពលរដ្ឋ​ដែលរងផលប៉ះពាល់​។
សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីអភិបាលរដ្ឋ កាលីហ្វ័រនីញ៉ា​លោកGavin Newsom ដែលបានបញ្ជាក់ថា «អរគុណប្រធានាធិបតី ដែលបានជួយដល់រដ្ឋនេះក្នុងការទប់ស្កាត់ភ្លើងឆេះព្រៃជាទ្រង់ទ្រាយធំ​។ រដ្ឋកាលីហ្វ័រនីញ៉ាកំពុងតែខិតខំទប់ស្កាត់ការរាលដាលភ្លើងឆេះព្រៃ​ធំបំផុតក្នុងប្រវត្តិសាស្ត្ររដ្ឋនេះ»។
តាមការលើកឡើងរបស់លោក​Gavin Newsom មកទល់ពេលនេះ​ក្រុមពន្លត់អគ្គិភ័យ​គ្រប់គ្រងស្ថានភាពបានតែ​១៥ភាគរយប៉ុណ្ណោះ​។ ជាមួយគ្នានេះដែរ​ភ្លើងឆេះព្រៃបានសម្លាប់មនុស្ស​៦នាក់ហើយ​ ក្នុងរយៈប៉ុន្មានថ្ងៃដែលឆាបឆេះ​។ ក្រុមពន្លត់អគ្គិភ័យ ដល់ទៅ​១៣.៧០០នាក់ បានខិតខំគ្រប់គ្រងស្ថានភាពភ្លើងឆេះ។
បន្ទាប់ពីប្រកាសអាសន្នភ្លើងឆេះព្រៃនៅកាលីហ្វ័រនីញ៉ា នៅពេលនេះលោកត្រាំ​ក៏បានប្រកាសអាសន្ននៅរដ្ឋ Louisiana ពីព្យុះកំណាចពីរផ្សេងគ្នាវាយប្រហារចូលក្នុងរដ្ឋនេះក្នុងពេលតែមួយ។
លោកត្រាំបានបញ្ជាក់​ថា លោកតាមដានយ៉ាងយកចិត្តទុកដាក់​នូវព្យុះកំណាចចំនួនពីរផ្សេងគ្នាគឺព្យុះ Marco និង Laura ដែលកំពុងតែវាយប្រហារនៅលើទឹកដីអាមេរិក​។ តាមការព្យាករ នៅថ្ងៃទី​២៤(ពេលវេលាអាមេរិក)​ព្យុះទាំងពីរខាងលើនឹងចូលដល់ដីគោកអាមេរិក​៕ដោយ៖ធី រីណា

    

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print