ខេត្តសៀមរាប៖ កញ្ញាគួន ថា ជាអ្នកលក់ក្រឡានមួយរូបនៅតាមដងផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្ដសៀមរាប បានឱ្យដឹងនៅ រសៀលថ្ងៃទី២៤ ខែសីហានេះថា ចាប់តាំងពីមេរោគកូវីដ-១៩ រាតត្បាតនៅលើពិភពលោកក៏ដូចជាប្រទេសកម្ពុជាយើងមក មុខរបរលក់ក្រឡាននេះលក់មិនសូវដាច់ទេ ដោយសារតែគ្មានភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ទៅទស្សនានៅតាមប្រាសាទនានាក្នុងខេត្ដសៀមរាបដូចមុន ហើយសម្រាប់ភ្ញៀវជាតិវិញក៏មិន សូវធ្វើដំណើរច្រើនដែរ ដោយសារតែមាន ការភ័យខ្លាចការឆ្លងមេរោគកូវីដ-១៩ ដែលកត្តាទាំងនេះធ្វើឱ្យមុខរបរលក់ក្រឡានមានការពិបាកខ្លាំងណាស់ក្នុងការរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ។ ប៉ុន្តែនៅឱកាសដែលរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យផ្លូវការស្តីពីការអនុញ្ញាតឱ្យមន្ត្រីរាជការ កម្មករ និយោជិតឈប់សម្រាកការងារចាប់ពីថ្ងៃទី១៧-២១ខែសីហា ឆ្នាំ២០២០សងថ្ងៃបុណ្យចូលឆ្នាំថ្មីធ្វើឱ្យក្រឡានលក់ដាច់ជាងថ្ងៃធម្មតា។
កញ្ញាបន្ដថា ថ្ងៃធម្មតាកញ្ញាលក់ក្រឡានគិតជាអង្ករបានពី៥ទៅ១០គីឡូក្រាម ប៉ុណ្ណោះ ប៉ុន្តែសម្រាប់រយៈពេល៥ថ្ងៃនៃការឈប់សម្រាកនេះ កញ្ញាលក់បានពី២០ទៅ៣០គីឡូក្រាមក្នុងមួយថ្ងៃដែលអាចឱ្យកញ្ញាទទួលបានប្រាក់កម្រៃសមរម្យ។
កញ្ញា គួន ថា រំពឹងថា មេរោគកូវីដ-១៩ នឹងឆាប់រលាយបាត់ទៅវិញ ដើម្បីឱ្យភ្ញៀវទេសចរមកលេងខេត្តសៀមរាបច្រើនដូចមុន ហើយពួកគាត់ក៏អាចលក់ក្រឡាន ដាច់ដូចមុនវិញដែរ។ ក្រឡានគឺជាបាយបំពង់ម្យ៉ាងដែលគេយកអង្ករដំណើបមកលាយគ្រឿងផ្សំជាច្រើនទៀត ដាក់ចូលក្នុងកំណាត់បំពង់ឫស្សីមានតូចមានធំ រួចដុតភ្លើង។ បច្ចុប្បន្ននេះក្រឡានត្រូវបានពលរដ្ឋខ្មែរធ្វើលក់នៅតាមដងផ្លូវជាតិនានាស្ទើរទូទាំងប្រទេស។ សម្រាប់នៅក្នុងខេត្តសៀមរាប អ្នកដែលធ្វើដំណើរតាមផ្លូវជាតិលេខ៦មកដល់ឃុំខ្ចាស់ ស្រុកសូទ្រនិគម លោកអ្នកនឹងឃើញអ្នកលក់ក្រឡាននៅតាមអមសងខាងផ្លូវជាច្រើន កន្លែង ហើយអ្នកធ្វើដំណើរមិនសូវរំលងនោះទេ ឱ្យតែដល់កន្លែងនេះតែងតែចុះទៅទិញយកមកបរិភោគ ៕ សំរិត