រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន “បន្ទាត់​ក្រហម​៩​ឆ្នូត​” ដែល​ចិន​គូស​ព័ទ្ធ​យក​សមុទ្រ​ចិន​ខាងត្បូង​ ជាការ​ប្រតិដ្ឋ និង​ជាការ​ទន្ទ្រាន​ខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ កាលពី​ថ្ងៃទី​២៣ ខែសីហាកន្លងទៅនេះ លោក Delfin Lorenzana រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន បាន​អះអាងថា “បន្ទាត់​ក្រហម​៩​ឆ្នូត​” ដែល​ចិន​គូស​ព័ទ្ធ​យក​សមុទ្រ​ចិន​ខាងត្បូង​ស្ទើរ​ទាំងស្រុង ជាការ​ប្រតិដ្ឋ និង​ជាការ​ទន្ទ្រាន​ខុសច្បាប់​លើ​តំបន់​ថ្ម​ប៉ប្រះ​ទឹក Scarborough ដែល​ហ្វីលីពីន​ទាមទារ​ដែរ​។

ការលើកឡើងបែបនេះរបស់លោក​រដ្ឋ​មន្ត្រី​ហ្វីលីពីន​ ធ្វើឡើង​បន្ទាប់ពី​ក្រសួងការបរទេស​ហ្វីលីពីន បានដាក់​ការតវ៉ា​តាមផ្លូវ​ទូត​ជាមួយ​ចិនជុំវិញ​ការនេសាទ​នៅក្នុង​តំបន់​ជម្លោះ​មួយ​នេះ​។

សូមជម្រាបថា តំបន់​ថ្ម​ប៉ប្រះ​ទឹក​នេះ ត្រូវ​គ្រប់គ្រង​ដោយ​ទីក្រុង​ប៉េកាំង បន្ទាប់ពី​ហ្វីលីពីន និង​ចិន បាន​ប្រឈម​គ្នា​នៅក្នុង​ឆ្នាំ​២០១២​។ ជាក់ស្តែង​ នៅ​យប់​ថ្ងៃទី​២០ ខែសីហាថ្មីៗនេះ មន្រ្តីជាន់ខ្ពស់ហ្វីលីពីន បានដាក់​ការតវ៉ា​តាមផ្លូវ​ទូត​ជាមួយ​ចិន ជុំវិញ​ការ​រឹបអូស​ឧបករណ៍​នេសាទ​ត្រី​របស់​ហ្វីលីពីន ពី​សំណាក់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ក្នុងការ​តវ៉ា​នេះ ហ្វីលីពីន បាន​ចោទ​សកម្មភាព​រឹបអូស​ពី​សំណាក់​ទូក​យាមល្បាត​របស់​ចិន​ដែល​បាន​កើតឡើង កាលពី​ខែឧសភា​កន្លងទៅ នៅក្បែរ​តំបន់​ថ្ម​ប៉ប្រះ​ទឹក Scarborough ជា​រឿង​ខុសច្បាប់​។

​លោក​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន​Delfin Lorenzana  ពាក់ព័ន្ធ​នឹង​តំបន់​ថ្ម​ប៉ប្រះ​ទឹក​នេះ លោកក៏បាន​អះអាង​យ៉ាង​ដូច្នេះ​ថា​៖ «​តំបន់​នោះ គឺ​ស្ថិតក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់​យើង​»​។ ការហៅ​សិទ្ធិ​ប្រវត្តិសាស្ត្រ ដែលមាន​យោងតាម «​បន្ទាត់​ក្រហម​៩​ឆ្នូត​» គឺ​មិនអាច​កើតឡើង​ឡើយ ហើយ​វា​គ្រាន់តែ​ជាការ​ស្រមៃ​របស់​ចិន​តែប៉ុណ្ណោះ​។

​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន បាន​បន្ថែមថា ទូក​នេសាទ កប៉ាល់ និង​យន្តហោះ​របស់​ហ្វីលីពីន គឺ​ធ្វើ​សកម្មភាព​ដោយ​ស្របច្បាប់​នៅក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន ចំណែក​សកម្មភាព​រប​ស់​ចិន​វិញ គឺជា​ការគ្រប់គ្រង​ខុសច្បាប់ និង​មិនមាន​សិទ្ធិ​ចាប់បង្ខំ​ឲ្យ​គោរព​ច្បាប់​អ្វី​ឡើយ​។ ព្រោះតំបន់​ថ្ម​ប៉ប្រះ​ទឹក Scarborough គឺ​ស្ថិតនៅ​ចម្ងាយ ២៤០​គីឡូម៉ែត្រ ពី​ភាគ​ខាងលិច​ហ្វីលីពីន ខណៈ​ចិន មាន​ចម្ងាយ​រហូតដល់ ៦៥០​គីឡូម៉ែត្រ​ឯណោះ បើ​គិតពី​ខេត្ត​ហៃ​ណាន​។

​ជាកស្តែងបច្ចុប្បន្ននេះ រដ្ឋាភិបាលចិន បានទាមទារ​ស្ទើរតែ​ទាំងស្រុង​លើ​សមុទ្រ​ចិន​ខាងត្បូង ដោយ​ផ្អែកលើ​«​បន្ទាត់​ក្រហម​៩​ឆ្នូត​»​។ ដោយការទាមទារ​នេះ ត្រូវបាន​ជំទាស់​ដោយ​វៀតណាម ហ្វីលីពីន ព្រុយ​ណេ ម៉ាឡេស៊ី​។ នៅក្នុង​ឆ្នាំ ២០១៦ តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍​ក្រុងឡាអេ បានចេញ​សេចក្តីសម្រេច​មួយ ដោយ​បញ្ជាក់​ពី​ភាពខុស​ច្បាប់​របស់​ចិន​លើ​សមុទ្រ​ចិន​ខាងត្បូង និង​«​បន្ទាត់​ក្រហម​៩​ឆ្នូត​»​។ ប៉ុន្តែ​ចិន បាន​បដិសេដ​ដាច់ខាត​មិន​ទទួលស្គាល់​សាលក្រម​នេះ​ទេ​។

​គួរបញ្ជាក់ថា មួយរយៈ​ចុងក្រោយ​នេះ ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង បាន​កើនឡើង​កម្តៅ​ជាថ្មី​។ នៅពេល​កន្លងមក ភាគី​ចិន និង​អាមេរិកបាន​ដំឡើង​សាច់​ដាក់គ្នា តាមរយៈ​សមយុទ្ធ​យោធា ខណៈ​អាស៊ាន​ជំរុញ​ឲ្យ​ភាគី​ជម្លោះ ដោះស្រាយ​បញ្ហា​ដោយ​ផ្អែក​ទៅតាម​ច្បាប់​អន្តរជាតិជាពិសេស​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ ១៩៨២ (UNCLOS 1982)៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print