បុរស​អូស្ត្រាលី ដែល​បាញ់សម្លាប់​មនុស្ស​​៥១​នាក់នៅនូ​វែ​ល​សេ​ឡង់ ក្នុង​វិហារ​ឥស្លាម​ កាលពីឆ្នាំមុន អាចនឹងជាប់ទោសមួយជីវិត

ចែករំលែក៖

អន្តរជាតិ៖ នៅ​ថ្ងៃចន្ទទី​២៤ ខែសីហា​ ឆ្នាំ២០២០ តុលាការនូ​វែ​ល​សេ​ឡង់ បានចាប់ផ្តើម​បើកសវនាការ​ផ្តន្ទាទោស​លើ​បុរស​អូស្ត្រាលី Brenton Tarrant  ដែល​បាន​បាញ់សម្លាប់​មនុស្ស​ចំនួន​៥១​នាក់ ក្នុង​វិហារ​ឥស្លាម​ចំនួន​២ ក្នុង​ទីក្រុង Christchurch កាលពី​ថ្ងៃទី​១៥ មីនា ឆ្នាំ​២០១៩​។ដោយនៅក្នុង​សវនាការ​ចំពោះមុខ​សាច់ញាតិ​ជនរងគ្រោះ​ជាច្រើន  Tarrant មិនបាន​បង្ហាញ​អារម្មណ៍​សោកស្ដាយ​អ្វី​នោះទេ ។

​​ជនដៃដល់ Brenton Tarrant ត្រូវបានតុលាការបើកសវនាការ​រយៈពេល​៤​ថ្ងៃ​ ដោយធ្វើឡើង​ក្នុង​បរិយាកាស​ដែលមាន​ការ​រិត​ត្បិត​សន្តិសុខ​យ៉ាងខ្ពស់​បំផុត​ផងដែរ ខណៈដែលក្រុមគ្រួសារ​ជនរងគ្រោះ និង​អ្នក​ដែល​រួច​រស់​ជីវិត ក៏បាន​ចូលរួម​ក្នុង​សវនាការ ដែល​នឹង​ស្តាប់​នូវ​សក្ខីកម្ម​របស់​អ្នក​ដែល​រួច​រស់​ពី​ការបាញ់សម្លាប់​ចំនួន​៦៦​នាក់​ផងដែរ​។​

​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP និយាយថា នៅពេល​សវនាការ​ចាប់​ផ្តើម គេ​សង្កេតឃើញ  Tarrant  មិនបាន​បង្ហាញ​អារម្មណ៍​សោកស្តាយ​ចំពោះ​អំពើ​របស់ខ្លួន​ឡើយ ខណៈ​រដ្ឋអាជ្ញា Barnaby Hawes បានបង្ហាញ​សកម្មភាព​យ៉ាង​លម្អិត​អំពើ​ព្រៃផ្សៃ​ដែល​បាន​កើតឡើង​។ ដោយលោក​Hawes បន្ថែមថា៖ Tarrant  បាន​បំណង​សម្លាប់​មនុស្ស​ច្រើនជាង​អ្វីដែល​បានធ្វើ​ទៅទៀត ហើយ​រឿង​ដែល​កើតឡើង ត្រូវ​បានរៀបចំ​ជាច្រើន​មកហើយ​។

ជាក់ស្តែងនៅក្នុសវនាការ Tarrant បានទទួល​ស្គាល់​កំហុស​ចំពោះ​បទល្មើស​ឃាតកម្ម​៥១​ករណី ប៉ុនប៉ង​សម្លាប់​៤០​ករណី និង​ភេរវកម្ម​លើ​ការវាយប្រហារ​វិហារ​ឥស្លាម​ផងដែរ​។ មិនតែប៉ុណ្ណោះមេធាវី​របស់​ជនរងគ្រោះ​រំពឹងថា៖ ជនដៃដល់ Tarrant នឹង​ក្លាយជា​មនុស្ស​ដំបូង​ដែល​ត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់គុក​មួយជីវិត​ ដោយ​មិនអាច​ចេញទៅ​ណា​បាន និង​គ្មាន​ការលើកលែងទោស​អ្វី​ឡើយ​។​

សូមជម្រាបថា លោក Tarrant ជនជាតិ​អូស្ត្រាលី​ មានអាយុ​២៩ ឆ្នាំ បានមក​រស់នៅ​នូ​វែ​ល​សេ​ឡង់​ក្នុង​ឆ្នាំ​២០១៧​។ ដោយ Tarrant បាន​ទិញ​កាំភ្លើង និង​គ្រាប់កាំភ្លើង​ជាង​៧០០០ បង់​។ លុះនៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩ ស្រាប់តែជននេះ បាន​បើក​ការបាញ់ប្រហារ ដោយ​ផ្សាយ​ផ្ទាល់​ក្នុង​បណ្តាញ​សង្គម នៅក្នុង​វិហារ Masjid Al Noor និង Linwood Masjid មុននឹង​បន្តទៅ​វិហារ​ទី​៣ ប៉ុន្តែ​ត្រូវបានប៉ូលីស​ឃាត់ខ្លួន​ភ្លាមៗ ។​

​ក្រោយពេលឃាត់ខ្លួន Tarrant យកទៅសួរនាំ​ដោយ​រដ្ឋអាជ្ញា រូបគេបាន​អះអាងថា ការវាយប្រហារ​នេះ ត្រូវបាន​ជំរុញ​ដោយ​ជំនឿ​មនោគមវិជ្ជា និង​បំណង​ក្នុងការ​បង្កើត​ភាពភ័យខ្លាច ចំពោះ​មនុស្ស​ដែល​រូបគេ​ចាត់ទុកថា​ជា​អ្នក​ឈ្លានពាន រួមមាន​៖ ជន​មូស្លីម និង​ជនអន្តោប្រវេសន៍​មិនមែនជា​ជាតិ​សាសន៍​អឺរ៉ុប​។​

​គួរបញ្ជាក់ផងដែរថា ក្នុង​សវនាការ​នេះ Tarrant នឹង​ការពារ​ខ្លួន​ដោយ​តួ​ជា​មេធាវី​ខ្លួនឯង​តែម្ដង​។ ហើយសាលក្រមមួយនេះ ត្រូវបាន​រំពឹងថានឹង​ប្រកាស​នៅ​ថ្ងៃទី​២៧ ខែសីហា​ខាងមុខ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print