អន្តរជាតិ៖ មានករណីអគារស្នាក់នៅមួយខ្នងកម្ពស់ ៥ជាន់ បានដួលរលំនៅក្បែរទីក្រុង ម៉ុមបៃ (Mumbai) ភាគខាងត្បូងប្រទេសឥណ្ឌាកាលពីល្ងាចថ្ងៃចន្ទទី២៤ ខែសីហាម្សិលមិញនេះ ហើយមកទល់ពេលនេះ មនុស្សជាង ៦០នាក់ត្រូវបានជួយសង្រ្គោះ ចេញពីគំនរអគារខណៈមនុស្ស ០២នាក់បានស្លាប់ និងជាច្រើននាក់ទៀត ត្រូវគេជឿថា នៅបន្តជាប់ក្រោមគំនរអគារ ហើយប្រតិបត្តិការរុករក និងជួយសង្រ្គោះកំពុងតែបន្ត ។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនៅរសៀលថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០នេះ និយាយថា អគារខាងលើនេះ ស្ថិតនៅស្រុក រ៉ៃហ្គេដ (Raigad) រដ្ឋម៉ាណារ៉ាស្ត្រា (Maharashtra) ភាគខាងលិចប្រទេសឥណ្ឌា។ ជាធម្មតាអគារនោះមានមនុស្សស្នាក់នៅ២០០នាក់។ សម្រាប់មូលហេតុនៃការដួលរលំ គឺមិនទាន់ត្រូវបានគេដឹងច្បាស់ឡើយទេ។
ទោះជាយ៉ាងណាក៏ដោយ ហេតុការណ៍ស្រុតសំណង់អគារនៅប្រទេសឥណ្ឌា គឺជារឿងដែលបានកើតមានឡើងជាញឹកញាប់បំផុតជាពិសេសអំឡុងរដូវភ្លៀងនេះតែម្តង។
គួររម្លឹកផងដែរថា បើតាមទិន្នន័យពីអាជ្ញាធរឥណ្ឌាផ្ទាល់ បានបញ្ជាក់ថា ក្នុងគ្រោះថ្នាក់បាក់រលំសំណង់អគារសរុបដល់ទៅ ១,១៦១ករណីដែលបានកើតមានឡើង នៅទូទាំងប្រទេសឥណ្ឌាកាលពីឆ្នាំ២០១៧ បណ្ដាលឲ្យមនុស្សច្រើនជាង ១,២០០នាក់ បានបាត់បង់ជីវិតផងដែរ ៕ដោយ៖ស តារា