ភ្នំពេញ ៖ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតមានកាលពីវេលា ម៉ោង៨និង៤០នាទីយប់ ថ្ងៃទី០៣ ខែកុម្ភៈ២០១៦ នៅលើកំណាត់ផ្លូវព្រះនរោត្ដម ទល់មុខក្រសួងមហាផ្ទៃ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមនដោយសារថយន្តម៉ាក(ស៊ីណា) ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខ ខេមរភូមិន្ទ012-6988របស់អគ្គស្នងការដ្ឋានសំភារៈបច្ចេកទេស១គ្រឿង ជិះដោយបុរសមិនស្គាល់ឈ្មោះ២នាក់ សង្ស័យស្រវឹងស្រាផងបានបើកបុកទៅបុកក្បាលនាគពុះចែកផ្លូវបាក់ក្បាលនាគមួយកង់ខ្ទាតទៅប៉ះ នឹងម៉ូតូ មួយគ្រឿងបណ្តាលឲ្យដួលសង្កត់លើជើងស្តាំគ្រូបង្រៀនមា្នក់របួសធ្ងន់ ។
ជនរងគ្រោះមានឈ្មោះឌីម ចាន់ឌី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរគ្រូបង្រៀន នៅសាកលវិទ្យាល័យអាយអាយស៊ី ស្នាក់នៅម្តុំផ្សារអូឡាំពិក សង្កាត់អូឡាំពិក ខណ្ឌចំការមន ។
លោក ឌីម ចាន់ឌី បាននិយាយថា មុនពេលកើតហេតុរូបលោកទើបចេញពីបង្រៀនសិស្សហើយ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1H-1771ក្នុងគោល ត្រឡប់ទៅផ្ទះវិញដោយធ្វើដំណើរតាមផ្លួវ ព្រះនរោត្ដម ទិសដៅពីត្បូងទៅជើង។លុះមកដល់ចំណុចខាងលើបានឈប់ម៉ូតូទន្ទឹមនឹងក្បាលនាគពុះចែកផ្លូវរង់ចាំ ស្តុប ដើម្បីបត់ឆ្វេង ខណៈនោះស្រាប់តែមានបុរស២នាក់ បានបើករថយន្តម៉ាកស៊ីណា ពណ៌កណ្តុរល្មែះ ពាក់ស្លាកលេខ ខេមរភូមិន្ទ01 .2 6988ជារថយន្តរបស់អគ្គស្នងការដ្ឋានសំភារៈបច្ចេកទេស ធ្វើដំណើរតាមបណ្តោយផ្លួវព្រះនរោត្ដម ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនហើយស្រវឹង បានរេចង្កូត ទៅបុកនិងក្បាលនាគពុះចែកផ្លូវបាក់ក្បាលនាគមួយកង់បាក់ខ្ទាតទៅប៉ះ នឹងម៉ូតូរបស់លោកដែលកំពុងឈប់រង់ចាំស្តុប បណ្ដាលឲ្យក្បាលនាគនោះសង្កត់លើជើងខាងឆ្វេងរើមិនរួច។
ភ្លាមនោះក៏ត្រូវបានអ្នកធ្វើដំណើរតាមផ្លូវនាំគ្នាលើកក្បាលនាគចេញពីលើជើងនិងលើករូបលោកទៅដាក់នៅលើចិញ្ចើមផ្លូវ រួចបានហៅរថយន្តសង្គ្រោះ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមានជ័យ ។ ជាមួយគ្នានោះដែរអ្នកបើករថយន្តបង្កបម្រុងបើករត់ តែដោយសារតែខ្ទេចផ្នែកខាងមុខ និងបាក់រ៉ូទីលបើកទៅមុខលែងលួច ទើបនាំគ្នាចុះពីលើរថយន្តទាំងខ្លួនទ្រេតទ្រោត ។
សាក្សីឲ្យដឹងថាក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ មិនបានឃាត់ខ្លួនជនបង្កនោះទេ ផ្ទុយទៅវិញបែរជាទុកឲ្យជនបង្កទាំងពីរនាក់នាំគ្នាឡើងជិះរថយន្តសាច់ញាតិមួយគ្រឿងមកទទួលចេញបាត់ទៅ។
ចំណែករថយន្តបង្កនិងម៉ូតូត្រូវសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយតាមច្បាប់ពេលក្រោយ ៕


ដោយ៖ ប្រាថ្នា










