ខេត្តប៉ៃ លិន ៖ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍រស់នៅក្នុងខេត្តប៉ៃលិនក៏ដូចជាធ្វើដំណើរមកពីតាមបណ្តាខេត្តនានាពិតជាមានការសប្បាយរីករាយយ៉ាងខ្លាំងខណ:ពួកគេម្នាក់ៗទទួលបានការឈប់សម្រាកពីការងាររយ:ពេល៥ថ្ងៃដោយជំនួសឱ្យថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ។ ដូច្នេះហើយទើបមានភ្ញៀវខ្លះធ្វើដំណើរកម្សាន្តជាលក្ខណ:គ្រួសារមានវេចខ្ចប់ម្ហូបអាហារចូលទៅលេងនៅតាមរមណីយដ្ឋាន ចម្ការរខ្នុរ រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ និងរមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំយ៉ាតជាដើម ។ ចំណែកអ្នកខ្លះចេញពីខេត្តទៅលេងរហូតដល់ខេត្តកំពត ខេត្តកែប រតនគីរី មណ្ឌលគីរីដើម្បីឱ្យមានការយល់ដឹងពីទេសភាពប្លែកៗនៃខេត្តនីមួយៗផងដែរ ។
យោងតាមរបាយការណ៍របស់លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្ត
ប៉ៃលិន បានឱ្យដឹងកាលពីព្រឹកថ្ងៃទី២៣ ខែសីហាឆ្នាំ២០២០នេះថា៖ក្នុងរយៈពេល០៥ថ្ងៃកន្លងទៅនេះគឺចាប់ពីថ្ងៃទី១៧-២១ ខែសីហាឆ្នាំ២០២០ខាងមន្ទីរទេសចរណ៍ខេត្តប៉ៃលិនបានចាត់មន្ត្រីក្រោមឱវាទចុះទៅស្រង់ស្ថិតិចំនួនភ្ញៀវទេសចរទាំងអស់ដែលបានធ្វើដំណើរមកពីតាមបណ្តាខេត្តនានាដោយចូលមកទស្សនាកម្សាន្តនៅក្នុងខេត្តប៉ៃលិននាឱកាសថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយមានចំនួនសរុប ២១,៧២៦នាក់ ។
លោកបន្តទៀតថា ក្នុងនោះភ្ញៀវជាតិមានចំនួន២១,៧២១នាក់ រីឯភ្ញៀវអន្តរជាតិ សរុបចំនួន០៥នាក់ ។
ទោះបីជាយ៉ាងណាក៏ដោយចំពោះស្ថានភាពទូទៅមន្ទីរទេសចរណ៍ខេត្តបានសង្កេតឃើញថាមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អ មានការយាមប្រចាំការពីសំណាក់កម្លាំងនគរបាលអធិការដ្ឋានក្រុងប៉ៃលិន សហការជាមួយខាងប៉ុស្តិ៍នគរបាលសង្កាត់ នគរបាលការពារព្រំដែន និងប្រជាការពារផងដែរ ។
លោកបញ្ជាក់ទៀតថា នៅក្នុងមូលដ្ឋាននៃអាជីវកម្មតាមកន្លែងនីមួយៗ មានការយកចិត្តទុកដាក់ អនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ ដោយមានដាក់សាប៊ូលាងដៃ និងទឹកអាល់កុលជែលសម្រាប់ភ្ញៀវទេសចរផងដែរ ។
សូមបញ្ជាក់ថា,នៅតាមរមណីយដ្ឋាននីមួយៗអាជីវករមានការលក់ដាច់កាក់កបខ្លាំង ស្ទើរតែលក់ឱ្យភ្ញៀវមិនទាន់នោះឡើយ ពោលគឺម្នាក់ៗញាប់ដៃញាប់ជើង ត្រៀមម្ហូបអាហារសម្រាប់ភ្ញៀវ ចូលកុម្មង់យកទទួលទានជួបជុំក្រុមគ្រួសារហើយអ្នកខ្លះនាំគ្នាហែលទឹកលេងរហូតដល់ពេលល្ងាច ទើបនាំគ្នាធ្វើដំណើរត្រឡប់ទៅផ្ទះរៀងៗខ្លួន ៕
ដោយ÷ ស សារ៉េត