បាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍បានផ្ទុះឡើងសាជាថ្មីនៅរដ្ឋWisconsin របស់អាមេរិក ក្រោយពេលបុរសជនជាតិស្បែកខ្មៅវ័យ២៩ឆ្នាំ ត្រូវប៉ូលិសក្នុងតំបន់បាញ់ដល់ទៅ៧គ្រាប់ចំខ្នង។
តាមសារព័ត៌មាន CNN បានផ្សាយថា មានក្រុមជនជាតិស្បែកខ្មៅនៅទីក្រុង Kenosha រដ្ឋ Wisconsin បាននាំគ្នាធ្វើបាតុកម្ម ពេញមួយយប់ថ្ងៃទី២៤ ខែសីហា ដោយបានដុតបំផ្លាញរថយន្តជាច្រើនគ្រឿង។ បាតុកម្មកើតឡើងក្រោយបុរសជនជាតិស្បែកខ្មៅវ័យ២៩ឆ្នាំឈ្មោះJacob Blake ត្រូវប៉ូលិសបាញ់ដល់ទៅ៧គ្រាប់ចំខ្នងកាលពីរសៀលថ្ងៃទី២៣ខែសីហា។
ក្រុមបាតុករខឹងសម្បាយ៉ាងខ្លាំង ដោយបានដុតបំផ្លាញ់ផ្ទះ៣ខ្នងនៅតំបន់ Kenosha ក្នុងនោះមានហាងលក់គ្រឿងសង្ហារិម យានដ្ឋានជួសជុលរថយន្ត និងទីតាំងមន្ត្រីក្នុងតំបន់។ រថយន្តរាប់សិបគ្រឿងរងការដុតបំផ្លាញ ក្នុងនោះមានទាំងរថយន្តពន្លត់អគ្គិភ័យផងដែរ។
នៅមុនពេលដុតបំផ្លាញ ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅមុខទីតាំងប៉ូលិសក្នុងទីក្រុងKenosha និងទីតាំងតុលាការ ប្រឆាំងការរើសអើងជាតិសាសន៍។ ក្រុមបាតុកម្មបានលើកស្លាកបដាថា«អាយុជីវិតក្រុមជនជាតិស្បែកខ្មៅមិនសំខាន់»។
សារព័ត៌មានរ៉យទ័រ បានផ្សាយថាមេធាវី បុរសជនជាតិស្បែកខ្មៅបានលើកឡើងថា លោកBlakeបានព្យាយាមផ្សះផ្សាការឈ្លោះប្រកែកគ្នាជាមួយមនុស្សពីរនាក់ទៀត។ នៅពេលBlake ដើរទៅកាន់រថយន្ត ក៏ត្រូវប៉ូលិសដកកាំភ្លើងខ្លីបាញ់Blake នៅចំពោះមុខកូនតូច៣នាក៉ មានអាយុពី៣-៨ឆ្នាំ។ លោកBlakeបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់បំផុត ប៉ុន្តែនៅពេលនេះរួចផុតពីគ្រោះថ្នាក់ហើយ៕