អន្តរជាតិ៖ កងទ័ពជើងទឹកថៃ បានចេញមុខការពារផែនការទិញនាវាមុជទឹក២គ្រឿង ស្របពេលរងការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានក្នុងស្រុកក្នុងគម្រោងទិញនាវាមុជទឹក២គ្រឿង បើគិតជាទឹកប្រាក់មានតម្លៃ ២២,៥ពាន់លានបាត (ស្មើនឹង ៧១៤លានដុល្លារអាមេរិក) មកពីប្រទេសចិន។ បន្ទាប់ពីយោធាថៃ បានលើកយកចំនួននាវាមុជទឹក ខណៈប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍មាន ឬកំពុងទិញ ដើម្បីគាំទ្រភាពចាំបាច់របស់ប្រទេសខ្លួន ។
សូមជម្រាបថា អំឡុងសន្និសីទព័ត៌មាននៅថ្ងៃទី២៤ ខែសីហាថ្មីៗនេះ នៅទីស្នាក់ការក្នុងទីក្រុងបាងកក កងទ័ពជើងទឹកថៃ បានយកចំនួននាវាមុជទឹកដែលកំពុងដាក់ឲ្យប្រើប្រាស់ ឬកំពុងទិញដោយប្រទេសជិតខាង ដើម្បីបង្ហាញពីភាពចាំបាច់សម្រាប់ប្រទេសថៃត្រូវមានកងទ័ពជើងទឹកដ៏ខ្លាំងមួយ។ ប៉ុន្តែទ័ពជើងថៃ ដែលជាម្ចាស់គម្រោង មិនផ្លាស់ប្ដូរជំហររបស់ខ្លួនទេ។ ខណៈគម្រោងទិញនាវាមុជទឹកពីចិន ធ្វើឲ្យរដ្ឋាភិបាល និងកងទ័ពថៃរងការរិះគន់ខ្លាំងពីប្រជាជន និងអ្នកនយោបាយក្នុងស្រុក។
បើតាមកាសែត បាងកកប៉ុស្តិ៍ កងទ័ពជើងទឹកថៃ បានអះអាងថា វៀតណាមមាននាវាមុជទឹក៦គ្រឿង, ឥណ្ឌូណេស៊ីមាន៥គ្រឿង ខណៈកំពុងទិញ៤គ្រឿងបន្ថែម, ម៉ាឡេស៊ីមាន២គ្រឿង, សិង្ហបុរីមាន៤គ្រឿង ខណៈកំពុងទិញ៤គ្រឿងទៀត និងមីយ៉ាន់ម៉ា មាន១គ្រឿង ខណៈកំពុងស្វែងរកទិញ៤គ្រឿងទៀត។
ជុំវិញបញ្ហានេះ លោកឧត្តមសេនីយ៍ Thalerngsak Sirisawat នាយផ្នែកប្រតិបត្តិការជើងទឹកថៃ បានគូសបញ្ជាក់ថា ប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍មាននាវាមុជទឹកសរុប ១៨គ្រឿង ដែលកំពុងដាក់ឲ្យប្រើប្រាស់។ លោកកឧត្តមសេនីយ៍បន្តថា៖«ទោះជាសង្គ្រាមធំ ទំនងជាមិនអាចផ្ទុះឡើងនាពេលឆាប់ៗខាងមុខមែន ជម្លោះពាក់ព័ន្ធការទាមទារដែនអធិបតេយ្យនិងដែនទឹកក្នុងសមុទ្រចិនខាងត្បូង នៅតែកំពុងបន្តខណៈមានប្រទេសមហាអំណាចលូកដៃចូល»។
ឧត្តមសេនីយ៍ Thalerngsak បានសង្កត់ធ្ងន់នៅក្នុងសន្និសីទព័ត៌មានដដែលនេះថា៖ សមុទ្រនេះក៏បម្រើជាផ្លូវដឹកជញ្ជូនទំនិញនិងធ្វើដំណើរដ៏សំខាន់សម្រាប់ប្រទេសថៃ ហើយប្រសិនបើទ័ពជើងទឹករបស់ប្រទេសថៃ មិនខ្លាំងគ្រប់គ្រាន់ទេនោះ ប្រយោជន៍ដែនសមុទ្រថៃ នឹងត្រូវប៉ះពាល់ដោយសារជម្លោះសមុទ្រចិនខាតត្បូងមិនខាន។
កាសែតបាងកកប៉ុស្តិ៍ បានដកស្រង់សម្តីនាយសេនាធិការនៃកងទ័ពជើងទឹកថៃ ឧត្តមសេនីយ៍ Sittiporn Maskasem ក៏បាននិយាយនៅក្នុងសន្និសីទព័ត៌មាននេះថា ទ័ពជើងទឹកត្រូវការនាវាមុជទឹកបន្ថែមទៀត ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រការពាររបស់ខ្លួន។ បើទោះបីរងរិះគន់ខ្លាំងមែន ប៉ុន្តែកងទ័ពជើងទឹកថៃ អះអាងថា ការបញ្ជាទិញនាវាមុជទឹកនេះ គឺមានតម្លាភាព ហើយលុយនឹងដកចេញពីកញ្ចប់ថវិកាជាតិរបស់ទ័ពជើងទឹកថៃក្នុងពេល៧ឆ្នាំ។
រីឯរដ្ឋាភិបាល និងទ័ពជើងទឹកថៃ ក៏បានរងការរិះគន់យ៉ាងចាស់ដៃ ក្រោយសមាជិកសភាថៃ កាលពីថ្ងៃទី២១ ខែសីហា បានអនុម័តគម្រោងទិញនាវាមុជទឹកពីរគ្រឿងពីប្រទេសចិនក្នុងតម្លៃ២២,៥ពាន់លានបាតអំឡុងពេលកិច្ចប្រជុំអនុគណៈកម្មាធិការត្រួតពិនិត្យការចំណាយឆ្នាំ២០២១ ។
គួរបញ្ជាក់ថា ការទិញនាវាមុជទឹកពីរគ្រឿងដោយមួយគ្រឿងមានតម្លៃ១១,២៥ពាន់លានបាត ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយអតីតរដ្ឋាភិបាលសឹកថៃក្នុងការទិញនាវាបីគ្រឿង។ នាវាមុជទឹកដំបូង ត្រូវបានទិញនៅឆ្នាំ២០១៧ ហើយត្រូវទទួលនៅឆ្នាំ២០២៤ខាងមុខ។ យ៉ាងណាមិញ កិច្ចព្រមព្រៀងទិញនេះ នៅមិនទាន់ចូលជាផ្លូវការឡើយ ដោយសភាថៃមិនទាន់អនុម័តលើកញ្ចប់ថវិកាចំណាយឆ្នាំ២០២១ នៅឡើយទេ។
ជាក់ស្តែងបច្ចុប្បន្ននេះ ប្រទេសថៃ មិនទាន់មាននាវាមុជទឹកឡើយ តែបានសម្រេចចិត្តទិញបួនគ្រឿងពីចិន ដែលគ្រោងនឹងទទួលបាននៅពេលខាងមុខ។ អត់មាននាវាមុជទឹកមែន តែថៃជាប្រទេសតែមួយគត់នៅអាស៊ានដែលមាននាវាដឹកយន្តហោះ។ នាវាដឹកយន្តហោះHTMS Chakri Naruebet ដែលផលិតនៅអេស្ប៉ាញ ហើយដាក់ឲ្យដំណើរការនៅឆ្នាំ១៩៩៧ អាចដឹកយន្តហោះធុន Sea Harrier AV-8S និងឧទ្ធម្ភាគចក្រ SH-70B ៕ដោយ៖ស តារា