លោកត្រាំ រិះគន់គូប្រជែង​បៃឌិន ហើយស្នើឲ្យពិនិត្យសារធាតុញៀនមុនពេលតទល់សម្តី

ចែករំលែក៖

ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បានរិះគន់យ៉ាងខ្លាំងដល់បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ​​ លោក ចូ បៃឌិន(Joe Biden) ឲ្យត្រួតពិនិត្យធ្វើតេស្ត​សារធាតុញៀន​មុនពេល​ចូលរួមប្រកួតប្រជែងសម្តីជាលើកដំបូង​ ក្នុងការឃោសនាបោះឆ្នោត។
ប្រធានាធិបតីដូណាល់ ត្រាំបានលើកឡើងថា «គ្មានអ្នកណាគិតថា​ គាត់«បៃឌិន»យកឈ្នះក្នុងការប្រជែងរបស់គណបក្សប្រជាធិបតេយ្យឡើយ​ ដោយគាត់ជាមនុស្សអន់ខ្លាំងណាស់​ ក្នុងការជជែកវែកញែកជាមួយគូប្រជែងក្នុងគណបក្សគឺលោកBernie Sandersនាពេលកន្លងមក​»។
លោកត្រាំបានលើកឡើងទៀតថា​«ប្រសិនបើយើងទៅមើលឃ្លីបជជែកនាពេលកន្លងមករបស់លោកបៃឌិន គឺពិតជា​អាក្រក់ខ្លាំងណាស់ មិនមានការផ្សារភ្ជាប់។ ជាមួយគ្នានេះលោកត្រាំ ស្នើឲ្យធ្វើតេស្តសារធាតុញៀន​ដល់លោកបៃឌិន មុនពេលឡើងប្រកួតប្រជែងដេញដោលពីគោលនយោបាយដឹកនាំប្រទេស។
ប្រធានាធិបតី​ដូណាល់ ត្រាំ បានលើកឡើងថា លោកបៃឌិន ប្រើប្រាស់គ្រឿងញៀនជំនួយស្មារតី ប៉ុន្តែមិនបានបង្ហាញភស្តុតាងនោះឡើយ ។ លោកត្រាំបានបញ្ជាក់ថា ការលើកឡើងរបស់លោក គឺពឹងផ្អែកទៅលើការត្រួតពិនិត្យផ្ទាល់ខ្លួនលោកតែប៉ុណ្ណោះ។​
តាមគម្រោង លោកត្រាំ និងលោកបៃឌិន មានការជជែកដេញដោលដោយផ្ទាល់ជាលើកដំបូង នៅមហាវិទ្យាល័យ Case Western Reserve ក្នុងទីក្រុង​Cleveland នាថ្ងៃទី​២៩ខែកញ្ញា ឆ្នាំ​២០២០៕ ដោយ៖ធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print