ក្រសួងការបរទេស​វៀ​ត​ណា​ម ស្នើ​ឲ្យ​ចិន​លុបចោល​សមយុទ្ធ​យោធា​នៅក្បែរ​ប្រជុំ​កោះ Paracel

ចែករំលែក៖

អន្តរជាតិ៖ ខណៈដែលចិន បានធ្វើ​សមយុទ្ធ​យោធា​នៅក្បែរ​ប្រជុំ​កោះ​Paracel ដែល​វៀតណាម​ឲ្យ​ឈ្មោះថា Hoang Sa ចាប់ពី​ថ្ងៃទី​២៤ខែសីហា​មក ហើយនិង​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​២៩​ខែសីហា​ប៉ុន្មានថ្ងៃខាងមុខនេះ ។ ក្រសួងការបរទេស​វៀ​ត​ណា​ម កាលពីថ្ងៃទី​២៦ ខែសីហាឆ្នាំ២០២០ បានស្នើ​ឲ្យ​រដ្ឋាភិបាលចិន​ លុបចោល​សមយុទ្ធ​យោធា​នៅក្បែរ​ប្រជុំ​កោះមួយនេះ។

​បើតាម​ការអះអាង​រប​ស់​ទីក្រុង​ហាណូយ សមយុទ្ធ​យោធា​របស់​ចិន បាន​បំពាន​ដែន​អធិបតេយ្យ​របស់​វៀតណាម​។ ដោយសមយុទ្ធ​យោធា​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង គឺ​បាន​ប្រព្រឹត្តឡើង​ហើយ​នៅក្បែរ​ប្រជុំ​កោះ​Paracel ប៉ុន្តែ​វៀតណាម ដែលជា​ភាគី​មួយ​ទាមទារ​ប្រជុំ​កោះ​ស្ថិតនៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នេះ មិន​សុខចិត្ត​ឡើយ និង​ទាមទារ​ឲ្យ​ចិន​លុបចោល​សមយុទ្ធ​យោធា​។

​ចំណែកអ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម លោកស្រី Le Thi Thu Hang បាន​អះអាងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​វៀតណាមVietnam Express ថា៖ ការធ្វើ​សមយុទ្ធ​យោធា​នៅក្នុង​តំបន់​ប្រជុំ​កោះ Paracel គឺជា​ការបំពាន​ស្មារតី​នៃ​សេចក្តីប្រកាស​ស្តីពី​ការប្រតិបត្តិ​របស់​ភាគី​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង (DOC) និង​មិន​គោរព​តាម​ការចរចា ដែល​ពាក់ព័ន្ធ​នឹង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (COC) ក៏ដូចជា​ការរក្សា​សន្តិភាព ស្ថិរភាព និង​សហប្រតិបត្តិការ​នៅក្នុង​តំបន់​។

​គួរបញ្ជាក់ថា ដោយ​មើលឃើញថា សមយុទ្ធ​យោធា​ចិន​ជាការ​បំពាន​អធិបតេយ្យ​របស់ខ្លួន វៀតណាម បានស្នើ​ឲ្យ​ចិន លុបចោល​សមយុទ្ធ​យោធា និង​មិនត្រូវ​ឲ្យ​កើតមាន​ការបំពាន​ស្រដៀង​នេះ​ទៀត​ទេ​។ វៀតណាម បានចាត់ទុក​សមយុទ្ធ​របស់​ចិន គឺ​ខុសច្បាប់​។ កន្លងទៅ​វៀតណាម បានដាក់​ការតវ៉ា​ជាមួយ​ចិន​ម្តង​ហើយ ជុំវិញ​សមយុទ្ធ​យោធា នៅក្បែរ​ប្រជុំ​កោះ Spratly កាលពីដើម​ខែសីហា​កន្ល​ង​ទៅ​។

​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន BBC បច្ចុប្បន្នប្រទេសវៀតណាម បាន​ហៅ​សមុទ្រ​ចិន​ខាងត្បូង​ថា សមុទ្រ​ខាងកើត​។ ព្រោះនៅក្នុង​ឆ្នាំ​១៩៧៤ ចិន បាន​ដណ្តើម​កាន់កាប់​ប្រជុំ​កោះ​Paracel ពី​វៀតណាម តាមរយៈ​ការប្រើប្រាស់​កម្លាំងយោធា​។ ហើយក្នុងការ​ប៉ះទង្គិច​គ្នា​នោះដែរ កងទ័ព​វៀតណាមយ៉ាងហោចណាស់ ៧០​នាក់ បាន​បាត់​បង់ជីវិត៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print