សារព័ត៌មាន Al Jazeera នៅថ្ងៃទី ២៧ខែសីហា បានផ្សាយថារដ្ឋាភិបាលទីក្រុងតេអេរ៉ង់បាន អនុញ្ញាតឲ្យក្រុមសង្កេតការណ៍ របស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA ចូលទៅត្រួតពិនិត្យទីតាំងសម្ងាត់ពីរកន្លែង ដែលគេ(អាមេរិក)សង្ស័យថាកំពុងតែផលិតអាវុធបរមាណូ។ នេះជាជំហានវិជ្ជមានមួយរបស់អុីរ៉ង់ ដែលអាចជួយឲ្យប្រទេសនេះរួចផុតពីមន្ទិលសង្ស័យទាំងឡាយ។
កាលពីថ្ងៃទី២៦ខែសីហា លោក Rafael Grossi អគ្គនាយក(IAEA) បានទៅកាន់ទីក្រុងតេអេរ៉ង់ ជួបពិភាក្សាជាមួយប្រធានអង្គការថាមពលបរមាណូអុីរ៉ង់ លោក Ali Akbar Salehi ឈានដល់កិច្ចព្រមព្រៀងអនុញ្ញាតឲ្យទៅកាន់ទីតាំងសម្ងាត់របស់អុីរ៉ង់ ។ មន្ត្រីទាំងពីររូបបានប្រកាសថា «អុីរ៉ង់ស្ម័គ្រចិត្តផ្តល់សិទ្ធិដល់ (IAEA) ចូលទៅកាន់ទីតាំងសង្ស័យទាំងពីរខាងលើ។
នៅក្នុងសេចក្តីប្រកាស(IAEA)បានបញ្ជាក់ថា អង្គការនេះទទួលបានការឯកភាពពីរដ្ឋាភិបាលអុីរ៉ង់។ ក្រោយការបញ្ចប់ត្រួតពិនិត្យ អង្គការ(IAEA)មិនមានការមន្ទិលសង្ស័យអ្វីទៀតឡើយដល់អុីរ៉ង់ជុំវិញកម្មវិធីបរមាណូ ដើម្បីសន្តិភាព។ នៅក្នុងសេចក្តីប្រកាស បានបញ្ជាក់ថា«ភាគីទាំងពីរទទួលស្គាល់ថាការស្រាវជ្រាវប្រកបដោយឯករាជ្យឯកទេស មិនមានការបង្ខិតបង្ខំឡើយ»។
តាំងពីខែមិថុនា អង្គការIAEA បានបង្កើនការដាក់គំនាបទៅលើប្រទេសអុីរ៉ង់ដើម្បីត្រួតពិនិត្យទីតាំងសង្ស័យទាំងពីរ ដើម្បីបញ្ចប់រាល់ការសង្ស័យពីសហគមន៍អន្តរជាតិ។កន្លងមកអុីរ៉ង់បដិសេធ ប៉ុន្តែពេលនេះបានសម្រេចអនុញ្ញាតឲ្យចូលទៅកាន់ទីនោះ បញ្ចប់ការសង្ស័យរបស់អុីស្រាអែលនិងអាមេរិក៕