ក្រសួងការបរទេសចិនបានប្រកាសថា ការដែលអាមេរិកអនុម័តដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន ចូលរួមសាងសង់បណ្តាកោះសិប្បនិមិត្តនៅសមុទ្រចិនខាងត្បូងគឺជារឿងមិនសមហេតុផល មិនមានតម្លាភាព។
រដ្ឋាភិបាលទីក្រុងបេកាំង កាលពីថ្ងៃទី២៧ ខែសីហា បានថ្កោលទោសយ៉ាងខ្លាំងដល់ការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើក្រុមហ៊ុនចិនពាក់ព័ន្ធសមុទ្រចិនខាងត្បូង និងធ្វើឲ្យស្ថានភាពទំនាក់ទំនងប្រទេសទាំងពីរកាន់តែតានតឹងថែមទៀត។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត អ្នកឯកទេសអាមេរិកបានលើកឡើងថា អាមេរិកមិនអាចធ្វើសង្គ្រាម ជាមួយចិននោះឡើយ ដោយសារតែទីក្រុងប៉េកាំងមានអាវុធទំនើប និងគ្រោះថ្នាក់ជាច្រើន។
តាមសារព័ត៌មានAsia Times បានដកស្រង់អត្ថបទរបស់អ្នកឯកទេសអាមេរិក លោក David P. Goldman បានសរសេរថា «ហេតុអ្វីបានជាចិន និងអាមេរិក មិនផ្ទុះសង្គ្រាមនឹងគ្នា?» លោក David P. Goldman បានបញ្ជាក់ថា ចិនមានអាវុធជាច្រើនទប់ស្កាត់ការចូលមកកៀកពីអាមេរិក A2/AD) ទាំងនោះហើយធ្វើឲ្យអាមេរិក ពិបាកចូលទៅកៀកចិន បង្កសង្គ្រាមជាមួយចិន។
អ្នកឯកទេសអាមេរិក បានបញ្ជាក់ថា គោលដៅបង្កើតប្រព័ន្ធការពារមីស៊ីលរបស់ចិនគឺទប់ស្កាត់អាមេរិកវាយប្រហារ និងចូលមកកៀកទឹកដីរបស់ចិន។បើប្រៀបធៀបជាមួយអាមេរិក កម្លាំងប្រតិកម្មរហ័សរបស់ចិនមានតិច ប៉ុន្តែចិនមានកម្លាំងការពារនៅឆ្នេរសមុទ្របានយ៉ាងល្អបំផុត ។ កម្លាំងមីស៊ីលការពារ ទំនើបរបស់ចិន DF-21និង DF-26 មានរហស្សនាមថា«ជនពិឃាតនាវាផ្ទុកយន្តហោះ»៕