បើតាមប្រភពHeritages Dairy-បេតិកភណ្ឌប្រចាំថ្ងៃបានបញ្ជាក់ថា៖ ភ្នំថ្មពួកជាភ្នំធម្មជាតិដែលមានតម្លៃផ្នែកប្រវត្តិសាស្ត្រ និងវប្បធម៌ មិនអាច កាត់ថ្លៃបានសម្រាប់មនុស្សជាតិគ្រប់រូប។ នៅលើភ្នំ ដូនតាខ្មែរបានកសាង ប្រាសាទថ្មពួក ដែលស្ថិតក្នុងរចនាបថក្រុមប្រាសាទ សំបូរព្រៃគុក (សង់ពីប្រភេទឥដ្ឋដុត) ក្នុងអំឡុងដើមសតវត្សរ៍ទី៧ នៃគ្រឹស្តសករាជ។ ភ្នំថ្មពួក មានរឿងរ៉ាវពាក់ព័ន្ធនឹងស្តេចព្រះយ៉ង់កោ និងព្រះនាងសក់ក្រអូបជាមាតា ដែលត្រូវបានសត្រូវចាប់យកទៅ។ មានរឿងដំណាលថា នៅលើភ្នំនេះ មានរូងភ្នំប្រវត្តិសាស្ត្រមួយដែលត្រូវសិក្សាបន្ថែម។
ភ្នំថ្មពួកមានតម្លៃផ្នែកជីវៈចម្រុះ ព្រោះជាជម្រកសត្វ និងរុក្ខជាតិច្រើន ប្រភេទ រួមទាំងប្រភេទកម្រ និងជិតផុតពូជដែលមានតម្លៃលេចធ្លោជាសកលសម្រាប់ការអភិរក្ស និងវិទ្យាសាស្ត្រ និងទាមទារការសិក្សាបន្ថែម។
តម្លៃផ្នែកភូគម្ភសាស្ត្រគឺ តួភ្នំទាំងមូលជាប្រភេទដីគ្រួសក្រហម និងថ្មបាយ ក្រៀម។
ភ្នំថ្មពួក ស្ថិតនៅភូមិត្រពាំងបី ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត ចំងាយ ១២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៤១(ផ្លូវព្រះអង្គឌួង )។ នៅលើផ្លូវជាតិលេខ ៤១ ត្រង់បង្គោលថ្មលេខ ៨៨ អ្នកនឹងឃើញផ្លូវដី ក្រហម ហើយបត់ចូលតាមផ្លូវនោះរួចបន្តដំណើរប្រមាណ ២ គីឡូម៉ែត្រនឹងទៅដល់ភ្នំថ្មពួក។
ប្រាសាទថ្មពួក ត្រូវបានចុះក្នុងបញ្ជីសារពើភណ្ឌលេខ ៦៦៥៨ ជាសម្បត្តិ បេតិកភណ្ឌជាតិ និងផ្ទៃដីភ្នំថ្មពួកគ្របដណ្តប់លើទំហំប្រមាណ ៣៣ហិកតា បានបោះបង្គោលព្រំសម្គាល់ជាតំបន់បេតិកភណ្ឌវប្បធម៌ ដោយក្រសួង វប្បធម៌ និងវិចិត្រសិល្ប: រួចហើយ។ រដ្ឋាភិបាលចេញលិខិតលេខ១៣៤៥ សជណ.កស ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឱ្យក្រសួងបរិស្ថានសហការ ជាមួយអ្នកពាក់ព័ន្ធរក្សាទុកតំបន់សា្ថនីយបុរាណចំនួន១៧៣ទីតាំង នៅ តាមតំបន់ភ្នំ ក្នុង និងក្រៅតំបន់ការពារធម្មជាតិ ជាតំបន់អភិរក្សបេតិកភណ្ឌ សម្រាប់កេរមរតកមនុស្សជាតិគ្រប់ជំនាន់ ក្នុងនោះមានភ្នំថ្មពួកផងដែរ។ ក្រសួងបរិស្ថានសហការជាមួយស្ថាប័ន ភាគីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នឹងស្នើសុំរដ្ឋាភិបាលបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិភ្នំថ្មពួក រួមមាន៖
១)ភ្នំថ្មពួកដែលមានប្រាសាទថ្មពួកនៅលើនោះ។
២)ស្រះបុរាណ (ស្រះល្បើក ឬស្រះថ្មអណ្តែត) ទំហំ ០២ហិកតា ស្ថិតនៅប្រមាណ១០០០ ម៉ែត្រ ពីភ្នំ ដែលដូនតាខ្មែរបានជីកជាឧបសម្ព័ន្ធនៃប្រាសាទថ្មពួក។
៣) បឹងធម្មជាតិ(បឹងថ្មពួក)គ្របដណ្តប់លើផ្ទៃដី៤៥ហិកតា៕