សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុន រ៉ានី ហ៊ុន សែនថ្លែងថា៖ ខ្ញុំម្ចាស់ ព្រមទាំងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយឥតឧបមា ដោយបាន ទទួលនូវព្រះរាជទ្រព្យ ចំនួន 1,000 USD ( មួយពាន់ដុល្លារអាមេរិក) អំពី ករុណាជាអម្ចាស់ជីវិត លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជ ហឫទ័យប្រោសព្រះរាជូបត្ថម្ភ ចំពោះកាកបាទក្រហមកម្ពុជា សំរាប់ខែ សីហា ឆ្នាំ២០២០តាមរយៈ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ។ ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រី និងបុគ្គលិកទាំងអស់នៃកាកបាទក្រហមកម្ពុជា ខ្ញុំម្ចាស់សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ក្រាបបង្គំទូលថ្វាយអំណរព្រះនរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជទាន ព្រះរាជទ្រព្យ ដើម្បីទ្រទ្រង់ សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា សំរាប់ជួយសង្គ្រោះ ប្រជារាស្ត្រកម្ពុជាក្រីក្រ ទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ។
ខ្ញុំម្ចាស់សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុសក្តិសិទ្ធិនានាក្នុងលោក ព្រះបារមី ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃព្រះវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យបវរមហាប្រសើរ ថ្វាយចំពោះ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ ក្នុងព្រះមហាសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ សំរាប់ ប្រជារាស្ត្រកម្ពុជា ជ្រកកោន តរៀងទៅ៕
ដោយ៖ សុខ ខេមរា