លោក Didier Deschamps អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិបារាំងបាននិយាយថា ខ្សែបម្រើ Paul Pogba របស់ក្រុមបិសាចក្រហមManchester United បានធ្វើតេស្តវិជ្ជមានចំពោះវីរុសកូវីដ-១៩។ កីឡាករវ័យ ២៧ឆ្នាំរូបនេះនឹងត្រូវផ្តាច់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃ។
គាត់នឹងខកខានការប្រកួតរបស់ក្រុមជម្រើសជាតិបារាំង ក្នុងព្រឹត្តិការណ៍Nations League នៅប្រទេសស៊ុយអែតនៅថ្ងៃទី ៥ ខែកញ្ញា និងការប្រកួតក្នុងទឹកដីបារាំងជាមួយក្រូអាតនៅថ្ងៃទី៨ ខែកញ្ញាខាងមុខ។
ទោះយ៉ាងណា Pogba អាចមានសិទ្ធិក្នុងការជ្រើសរើសសម្រាប់ការប្រកួតបើកឆាកក្របខ័ណ្ឌ Premier League របស់បិសាចក្រហមជាមួយក្រុម Crystal Palace នៅ Old Trafford នៅថ្ងៃទី១៩ ខែកញ្ញាខាងមុខ ក្រោយពីកីឡាកររូបនេះពិនិត្យសុខភាព និងអនុញ្ញាតឲ្យចូលរួមប្រកួតឡើងវិញ។
ក្លិបបិសាចក្រហមបានចេញសេចក្តីថ្លែងការណ៍ថា “អ្នកទាំងអស់គ្នានៅMan United សូមជូនពរ Pogba ឲ្យជាសះស្បើយឲ្យបានមុនរដូវកាលថ្មីមកដល់”។ ចំណែកលោក Deschamps អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិបារាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “ខ្ញុំបានបញ្ចប់ការផ្លាស់ប្តូរកីឡាករជំនួសរួចហើយនៅក្នុងបញ្ជីឈ្មោះកីឡាករជម្រើសជាតិ ដោយ Pogba នឹងត្រូវជំនួសដោយក្រុមជម្រើសជាតិបារាំងខ្សែបម្រើ Eduardo Camavinga វ័យ១៧ឆ្នាំ មកពីក្លិប Rennes” ។
Paul Pogba ដែលកាលពីមុនមានឈ្មោះក្នុងបញ្ជីជម្រើស១១នាក់ដំបូងរបស់ក្រុមជម្រើសជាតិបារាំង ប៉ុន្តែជាអកុសលសម្រាប់ គាត់បានធ្វើតេស្តវិជ្ជមាន ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកពីគេ មិនឲ្យចូលរួមការប្រកួតឡើយ ៕
ដោយ៖ភារៈ