អាមេរិកថ្កោលទោសយ៉ាងខ្លាំងពីការបាញ់សាកល្បងមីស៊ីលនៅសមុទ្រចិនខាងត្បូង

ចែករំលែក៖

   អន្តរជាតិ៖ អាមេរិកបានជំរុញឲ្យចិនកាត់បន្ថយសកម្មភាពយោធា​​ក្នុងតំបន់​សមុទ្រចិនខាងត្បូង ក្រោយពេលចិនមានសកម្មភាពយោធានៅក្នុងតំបន់​។ ក្រសួងការពារជាតិអាមេរិក កាលពីថ្ងៃទី​២៧ខែសីហា​ បានព្រមានពីការបាញ់មីស៊ីលរបស់ចិននៅសមុទ្រចិនខាងត្បូង​ដែលបានគំរាមកំហែងដល់សន្តិសុខនិងសន្តិភាពក្នុងតំបន់។
មន្ទីរបញ្ចកោណអាមេរិកបានបញ្ជាក់ថា កម្លាំងទាហានជើងទឹកចិនបានបាញ់មិីស៊ីល​៤គ្រាប់នៅតំបន់សមុទ្រជិតកោះ​ដែលមានវិវាទជាមួយប្រទេសវៀតណាម​។​ អាមេរិកបានចាត់ទុកថាសកម្មភាពខាងលើ​នឹងធ្វើឲ្យតំបន់កាន់តែតានតឹងនៅសមុទ្រចិនខាងត្បូង​។
នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា «សកម្មភាព​សាកល្បងមីស៊ីលរបស់ចិនគឺជាការបំពានកិច្ចសន្យា​ និងសេចក្តីប្រកាសរួមស្តីពី​ការដោះស្រាយ​ស្តីពីស្ថានភាព​នៅសមុទ្រចិនខាងត្បូង​ ប៉ះពាល់ដល់ស្ថានភាព និងស្ថិរភាពក្នុងតំបន់»។
ក្រសួងការពារជាតិអាមេរិក បានប្រកាសថា​ ការធ្វើសមយុទ្ធរបស់ចិន កើតឡើងចាប់ពីថ្ងៃទី​២៣ដល់ថ្ងៃទី​២៩ខែសីហា​​ស្ថិតនៅតំបន់សមុទ្រ ជិតកោះដែលមានវិវាទជាមួយប្រទេសវៀតណាម​។ សកម្មភាពខាងលើគឺជាការដាក់គំនាបទៅលើប្រទេសជិតខាង និងដល់ប្រទេសតំបន់អាស៊ាន។
កន្លងមកថ្មីៗនេះ ចិនបានថ្កោលទោសយ៉ាងខ្លាំងដល់អាមេរិកដែលបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន​ដល់ទៅ​២៤ក្រុមហ៊ុន ដែលជាប់ពាក់ព័ន្ធនឹងការសាងសង់កោះសិប្បនិមិត្ត​នៅសមុទ្រចិនខាងត្បូង​។ ការដាក់ទណ្ឌកម្មនឹងធ្វើឲ្យទំនាក់ទំនងអាមេរិក​-ចិន​កាន់តែតានតឹង​ថែមទៀត ៕ដោយ៖ធី រីណា

    

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print