រុស្ស៊ីទើបតែបង្ហាញឃ្លីបវីដេអូស្តីពីការសាកល្បងគ្រាប់បែកបរមាណូមានកម្លាំងផ្ទុះខ្លាំងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ គ្រាប់បែកបរមាណូដែលរុស្ស៊ីសាកល្បងនេះមានឈ្មោះថា Tsar Bomba បានសាកល្បងនៅដែនសមុទ្របារ៉ែននាឆ្នាំ១៩៦១។
ឃ្លីបវីដេអូខាងលើត្រូវបានវិមានក្រឹមឡាំង (Kremlin) រក្សាជាការសម្ងាត់អស់រយៈពេលជាង៦ទសវត្សរ៍កន្លងមកហើយ ទើបបានប្រកាសជាសាធារណៈឲ្យមនុស្សជាតិបានដឹងនៅថ្ងៃទី២០ខែសីហាកន្លងមក ដែលជាថ្ងៃបង្កើតទីភ្នាក់ងាអាវុធបរមាណូរុស្ស៊ី។
គ្រាប់បែកបរមាណូ Tsar Bomba មានកម្លាំងផ្ទុះដល់ទៅ៥០មេហ្គាតុន(megaton) ស្មើនឹងកម្លាំងផ្ទុះនៃរំសេវ TNT ដល់ទៅ៥០លានតោន។ គ្រាប់បែកនេះមានកម្លាំងបំផ្លាញខ្លាំងជាងគ្រាប់បែកដែលអាមេរិកទម្លាក់នៅទីក្រុងហីុរ៉ូស៊ីម៉ារបស់ជប៉ុននាឆ្នាំ១៩៤៥ ដល់ទៅ ៣៣៣៣ ដង ។
ឃ្លីបវីដេអូ ក៏បានបង្ហាញឲ្យឃើញថាគ្រាប់បែកបរមាណូខាងលើបានដឹកជញ្ជូនទៅកាន់ទីតាំងទាហានអាកាស Olenya នៅប៉ូលខាងជើងផែនដីតាមរថភ្លើង ។ ក្រោយមកក៏បានបញ្ជូនតាមយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយTu-95 ហើយទម្លាក់ចុះសមុទ្រពីកម្ពស់១០ គីឡូម៉ែត្រ។ នៅពេលធ្លាក់ចុះនៅចម្ងាយពីដី ៤០០០ម៉ែត្រក៏បានចុចកុងតាក់បំផ្ទុះតែម្តង ដែលជាការផ្ទះខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។
គ្រាប់បែកខាងលើមិនដែលប្រើប្រាស់នៅក្នុងសង្គ្រាមនោះឡើយដោយសារតែកម្លាំងបំផ្លាញរបស់វាខ្លាំងពេក។ មួយវិញទៀតគ្រាប់បែកខ្លាំងបែបនេះមិនត្រូវបានផលិតជាបន្តទៀតឡើយ ៕ដោយៈ ធីរីណា
https://youtu.be/rMayTdHBFVc