ភ្នំពេញ៖ គយនិងរដ្ឋាករកម្ពុជា តម្រូវអោយម្ចាស់រថយន្ត និងទំនិញគេចពន្ធ ដែលគយបង្ក្រាបបាន មេត្តាចូលខ្លួនមកបង់ពន្ធ ឱ្យបានរួសរាន់ ខណះ ផុតកំណត់ឱសានវាទនៅថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខ ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលអង្គភាព«នគរដ្រេហ្គន»ទទួលបាននៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសូមរំលឹកដល់សាធារណជន ទាំងអស់មេត្តាជ្រាបថា ៖ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ (អគរ ) បានចេញសេចក្តីជូនដំណឹងជាលើកចុងក្រោយ ដល់ម្ចាស់យានយន្តនិងម្ចាស់ទំនិញគេចពន្ធដែលត្រូវបានបង្ក្រាប និងរក្សាទុកបណ្តោះអាសន្នដោយរដ្ឋបាលគយ ឱ្យចូលខ្លួនមកបង់ពន្ធអាករនិងពិន័យតាមច្បាប់ជាធរមានក្នុងរយៈពេល ៦០ ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹង។ រហូតមកដល់ពេលនេះ (អគរ) បានកត់សម្គាល់ឃើញថាមានម្ចាស់មួយចំនួននៅស្ទាក់ស្ទើរពុំទាន់បានចូលមក បំពេញកាតព្វកិច្ចនៅឡើយ។
ដោយហេតុថា រយៈពេល ៦០ ថ្ងៃ នឹងផុតឱសានវាទនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ដូច្នេះ (អគរ )សូមអំពាវនាវដល់ម្ចាស់យានយន្តនិងម្ចាស់ទំនិញពាក់ព័ន្ធ មេត្តារួសរាន់ចូលខ្លួនមកបំពេញកាតព្វកិច្ច របស់ខ្លួនតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ទៅតាមកាលបរិច្ឆេទ ដូចបានកំណត់ខាងលើ ។
ក្នុងករណីម្ចាស់ខកខានមិនបានចូលខ្លួនមកបំពេញកាតព្វកិច្ចដូចបានរៀបរាប់ខាងលើ យានយន្តនិង ទំនិញទាំងនោះនឹងត្រូវចាត់ទុកជាទំនិញគ្មានការទាមទារ (អគរ ) នឹងប្រកាសដាក់លក់ដោយដេញថ្លៃជាសាធារណៈ ស្របតាមបញ្ញត្តិមាត្រា ៥៤ និង ៥៥ នៃច្បាប់ស្តីពីគយ ដើម្បីប្រមូលចំណូលចូលថវិកាជាតិ។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមថ្លែងអំណរគុណចំពោះ អស់លោក លោកស្រី ជាម្ចាស់យានយន្ត ។ និងម្ចាស់ទំនិញដែលបានស្ម័គ្រចិត្តចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធអាករ និងពិន័យតាមបទប្បញ្ញត្តិជាធរមាន សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងមកលេខទូរស័ព្ទ ០១២ ៦៦៧ ៨៨៨, ០១២ ៧៣១ ៥១៥,០៩២ ៨៥៥ ៩៩៨, ០៨៧ ៨៨៨ ៧៨៧ ៕ដោយ៖ សុខ ខេមរា