ក្រុមអិស្លាមបង្កើតរដ្ឋរកប្រាក់បានរហូតដល់២ពាន់លានដុល្លារ ក្នុងមួយឆ្នាំ នាឆ្នាំ២០១៤ ចំណែកឆ្នាំ២០១៥បានថយចុះបន្តិចដោយសារតែមានការទប់ស្កាត់ពីសហគមន៍អនុ្តរជាតិ។
ក្រុមIS បានចំណាយប្រាក់រាប់ពាន់លានដុល្លារក្នុងការទិញគ្រាប់រំសែវ និងចំណាយប្រាក់ជាច្រើនក្នុងការផ្តល់ប្រាក់ខែដល់ទាហាន ។ ប្រាក់ទាំងនោះមកមកពីការលក់ប្រេងឆៅក្នុងតំបន់ដែលពួកគេគ្រប់គ្រង ស្ថិតក្នុងប្រទេសស៊ីរីនិងអីរ៉ាក់ ក្រៅពីនេះពួគគេបានចាប់ជំរិតអ្នកមាន និងភ្នាក់ងារនៅក្រៅប្រទេសដើម្បីទាមទារប្រាក់លោស។
ក្រៅពីនេះក្រុមអិស្លាមបង្កើតរដ្ឋរកបានប្រាក់ចំណូលយ៉ាងតិច៣០០លានដុល្លារពីការយកពន្ធដារពីប្រជាពលរដ្ឋស្ថិតក្នុងតំបន់ដែលខ្លួនគ្រប់គ្រង មានពលរដ្ឋរស់នៅប្រមាណ ៨លាននាក់ ។ ក្រុមIS បានយកពន្ធយ៉ាងថ្លៃនៅគ្រប់ប្រភេទ ទាំងពន្ធអាករប្រាក់ចំណូលរបស់ពលរដ្ឋត្រូវបង់ពន្ធយ៉ាងតិច១០ភាគរយ។ ពន្ធធ្វើអាជីវកម្មខ្នាតតូចមាន១៥ភាគរយ ពន្ធពេលទិញអីវាន់២ភាគរយ ដកលុយចេញពីធនាគាក៏ត្រូវបង់ពន្ធ ៥ភាគរយផងដែរ។ ក្រៅពីនេះនៅមានពន្ធ ថ្នាំពេទ្យ ពន្ធធ្វើដំណើរនៅតាមដងផ្លូវជាដើម។
ក្រៅពីប្រាក់យកពន្ធក្រុមអិស្លាមបង្កើតរដ្ឋរកប្រាក់ចំណូលបានប្រមាណ៧០០លានដុល្លារពីការលក់ប្រេងនៅទីផ្សារងងឹតក្នុងប្រទេសទួរគី។ ទន្ទឹមនឹងនោះពួគគេក៏ទទួលបានការជួយឧបត្ថម្ភពីក្រុមគាំទ្រនៅក្រៅប្រទេសទើបពួគគេអាចដំណើរការទៅមុខបានយ៉ាងរលូន មានសមត្ថភាពទប់ទល់និងប្រទេសលោកខាងលិច ព្រមទាំងរុស្ស៊ី។
ក្រុមអ្នកវិភាគជឿរជាក់ថា បើអាចផ្តួលរំលំក្រុមអិស្លាមបង្កើតរដ្ឋបាននោះមានតែកាត់ផ្តាច់ប្រភពចំណូលតែប៉ុណ្ណោះ បើមិនដូច្នេះទេសង្គ្រាមវាយប្រហារក្រុមIS នឹងត្រូវអូសបន្លាយដូចសង្គ្រាមវាយប្រហារក្រុមអាលកៃដានៅក្នុងប្រទេសអាហ្វហ្គានីស្ថានជាដើម។
បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានបោះឆ្នោតគាំទ្រជាឯកច្ឆ័ន្ទទៅលើដំណោះស្រាយមួយដើម្បីប្រឆាំង និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើក្រុមរដ្ឋអិស្លាម ក៏ដូចជាកាត់ផ្តាច់លំហូសេដ្ឋកិច្ចកុំឲ្យចូលទៅកាន់ក្រុមនេះផង ដែរ ។
រដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិក លោក Jacob Lew បានដឹកនាំឲ្យមានកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមិនធ្លាប់មានពីមុនមក ដើម្បីស្វែងរកគន្លឹះការទូតមួយឈានដល់បញ្ចប់សង្គ្រាមនៅក្នុងប្រទេស ស៊ីរី ខណៈដែលក្រុមរដ្ឋអិស្លាមបានដណ្តើមកាន់កាប់ដែនដីភាគច្រើន និងបានកសាងរដ្ឋធានីដ៏រឹងមាំរបស់ពួកគេដោយមិនមាននរណាម្នាក់អាច ប្រឆាំងជំទាស់បាននោះ ។
សេចក្តីព្រាងដែលធ្វើឡើងដោយអាមេរិក និងសម្ពន្ធមិត្តស៊ីរី គឺប្រទេសរុស្ស៊ីនោះមានវិធានការថ្មីបន្ថែមទៀតទាក់ទងបញ្ជីខ្មៅ របស់ក្រុមអាល់កៃដា ឬក្រុម ISIL (Saesh) ព្រមទាំងបញ្ជឺដាក់ទណ្ឌកម្មផងដែរ ដើម្បីជាសញ្ញាងាយស្រួល សម្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផ្តោតទៅលើក្រុម ជ្រុលនិយមរដ្ឋអិស្លាមនោះ ។
សេចក្តីព្រាងនេះដែរបានជំរុញប្រទេសទាំងឡាយឲ្យប្តេជ្ញាខ្ពស់នៅ ក្នុងការអនុវត្តកាត់ផ្តាច់ប្រព័ន្ធលំហូសេដ្ឋកិច្ច ហិរញ្ញវត្ថុទៅកាន់ក្រុមរដ្ឋអិស្លាម ក្នុងនោះមានពាណិជ្ជកម្មប្រេងជាដើម ព្រមទាំងបញ្ជូនបញ្ជឺឈ្មោះទាំងឡាយនោះទៅក្នុងបញ្ជីឈ្មោះក្រុមដែល ត្រូវដាក់ទណ្ឌកម្ម ។
ជាមួយគ្នានេះដែរ សេចក្តីព្រាងបានអំពាវនាវឲ្យរដ្ឋាភិបាលទាំងឡាយត្រូវតែធានា និងព្រាងច្បាប់ថា ការផ្តល់ហិរញ្ញវត្ថុទៅកាន់ក្រុមរដ្ឋអិស្លាម ឬក្រុមសកម្មប្រយុទ្ធក្រៅប្រទេសដែលចូលរួមជាមួយក្រុមរដ្ឋអិស្លាម នោះ គឺជាបទល្មើសឧក្រិដ្ឋកម្ម ។
សេចក្តីព្រាងរបស់រុស្ស៊ីដើម្បីប្រឆាំងទៅលើបណ្តាញផ្គត់ផ្គង់ ហិរញ្ញវត្ថុទៅឲ្យក្រុមជ្រុលនិយមនោះបានធ្វើឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៥មកម្ល៉េះប៉ុន្តែប្រទេសទាំងឡាយហាក់មានការព្រងើយកន្តើយមិនរវីរវល់ជាមួយនោះ ទេ ។
វិធានការចុងក្រោយនៃសេចក្តីព្រាងដំណោះស្រាយរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺតម្រូវឲ្យប្រទេសទាំងឡាយត្រូវតែបង្ហាញរបាយការណ៍ក្នុងរយៈពេល១២០ ថ្ងៃម្តងស្តីអំពីដំណើរការអនុវត្តពាក់ព័ន្ធបញ្ហាហិរញ្ញវត្ថុប្រឆាំង ទៅលើក្រុមរដ្ឋអិស្លាម ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន ត្រូវស្នើឡើងឲ្យមានការរៀបចំរបាយការណ៍ក្នុងរយៈពេល៤៥ថ្ងៃម្តងស្តី អំពីការគំរាមកំហែងរបស់ក្រុមរដ្ឋអិស្លាម និងប្រភពសេដ្ឋកិច្ចរបស់ក្រុមនេះ ក៏ដូចជាការផ្តោតទៅលើការផ្តល់មូលនិធិទៅដល់ក្រុមសកម្មប្រយុទ្ធ បរទេស ។
គណៈកម្មការទណ្ឌកម្មអង្គការសហប្រជាជាតិមានសមាជិកទាំងអស់១៥ប្រទេស អាចអនុវត្តការបង្កកទ្រព្យសម្បត្តិ និងហាមមិនឲ្យនាំអាវុធទៅលើបុគ្គលណា ឬអង្គភាពណាដែលមានទំនាក់ទំនងជាមួយក្រុមជ្រុលនិយមរដ្ឋអិស្លាម ។
ក្រុមអ្នកវិភាគមានមូលដ្ឋាននៅក្នុងទីក្រុងឡុង ចក្រភពអង់គ្លេសបានអះអាងថា ក្រុមរដ្ឋអិស្លាម ក្នុងមួយខែៗ រកចំណូលបានមិនតិចជាង៨០លានដុល្លារនោះឡើយ ។ ប៉ុន្តែទោះបីយ៉ាងណា ការវាយប្រហារតាមដែនអាកាសរបស់រុស្ស៊ី និងកម្លាំងសម្ពន្ធមិត្តដឹកនាំដោយអាមេរិកទៅលើទីតាំងអណ្តូងប្រេង របស់ក្រុមរដ្ឋអិស្លាមនោះ ជាឧបសគ្គមួយធំណាស់ដែរដល់ការរកចំណូលរបស់ក្រុមរដ្ឋអិស្លាម ។
ក្រុមអ្នកវិភាគ ISH បានបញ្ជាក់ថា ជាងពាក់កណ្តាលនៃប្រភពចំណូលទាំងមូលរបស់ក្រុមរដ្ឋអិស្លាមគឺបាន មកពីការជំរិតកំហែងយកប្រាក់ និងការលួចប្លន់ ។ ប្រមាណ៤៣ភាគរយនៃប្រភពចំណូលគឺក្រុមរដ្ឋអិស្លាមបានមកពីការលក់ ប្រេង រីឯចំណូលផ្សេងៗទៀតគឺបានមកពីការរត់ពន្ធគ្រឿងញៀនការបរិច្ចាគ និងការលក់អគ្គិសនីផងដែរ ៕