ប្រមុខដឹកនាំកំពូលម៉ាឡេស៊ី អះអាងថា៖ បញ្ហារឿងអធិបតេយ្យ តំបន់ Sabah គឺជាបញ្ហាសំខាន់ណាស់ និងមិនអាចចុះញ៉មចំពោះភាគីបានឡើយ

ចែករំលែក៖

អន្តរជាតិ៖ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Muhyiddin Yassin  បានប្រកាសជំហរដាច់ខាតថា៖ បញ្ហារឿងអធិបតេយ្យដែលកំពុងប្រទាំងប្រទើសជាមួយនឹងរដ្ឋាភិបាលហ្វីលីពីន នៅតំបន់ Sabah គឺជាបញ្ហាសំខាន់ណាស់ និងមិនអាចចុះញ៉មចំពោះភាគីបានឡើយ។

បើតាមទីភ្នាក់ងារសារព័ត៌មាន The Star ដែលដកស្រង់នៅក្នុងសេចក្តីថ្លែងការណ៍ចាំបាច់ និងបន្ទាន់មួយកាលពីថ្ងៃទី២៩ ខែសីហាថ្មីៗនេះលោក Muhyiddin Yassin បានលើកឡើងថា មានសេចក្តីថ្លែងការណ៍មួយរបស់ហ្វីលីពីនស្តីពីការចង់គូសវាសផែនទីថ្មី និងមានចេតនារំលេចក្នុងលិខិតឆ្លងដែនរបស់ខ្លួន ដែលករណីនេះ លោកនាយករដ្ឋមន្ត្រី ប្រកាសថា មិនបណ្តែតបណ្តោយតាមបានឡើយ។ ប្រមុខដឹកនាំកំពូលម៉ាឡេស៊ីរូបនេះ សង្កត់ធ្ងន់ថា Sabah នៅក្នុងទឹកដីម៉ាឡេស៊ី ហើយ Sabah គឺជាផ្នែកមួយរបស់ម៉ាឡេស៊ី។

លោកនាយករដ្ឋមន្ត្រីរូបនេះ បានសង្កត់ធ្ងន់ទៀតថា រដ្ឋាភិបាលម៉ាឡេស៊ី នៅតែរក្សាជំហរម៉ឺងម៉ាត់ និងដាច់ខាត ហើយក៏មិនសម្រុះសម្រួលលើបញ្ហានានាពាក់ព័ន្ធនឹងដែនអធិបតេយ្យរដ្ឋ Sabah ផងដែរ។ លោក គូសបញ្ជាក់ថា រដ្ឋាភិបាល នឹងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីការពារដែនអធិបតេយ្យមួយនេះ។

គួរបញ្ជាក់ថា នៅចំពោះមុខមន្ត្រីរាជការក្នុងសាលសន្នីសីទ Sabah តែម្តងនោះ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានព្រមានដល់រដ្ឋពាក់ព័ន្ធដោយកុំមានចេតនាអូសទាញ Sabah ចេញពីម៉ាឡេស៊ី ហើយដូចគ្នាប្រជាជនបរទេសក៏កុំសូម្បីតែគិតថា ចង់ទាមទារ Sabah ថា ជាផ្នែកមួយនៃអធិបតេយ្យរបស់ខ្លួនផងដែរ ព្រោះថា ម៉ាឡេស៊ី នឹងតតាំងដើម្បីការពារដែនអធិបតេយ្យជាដាច់ខាត។

សូមជម្រាបថា តំបន់ Sabah គឺជារដ្ឋមួយក្នុងចំណោមរដ្ឋទាំង១៣ របស់ប្រទេសសហព័ន្ធម៉ាឡេស៊ីមួយនេះ។ រដ្ឋ ដែលមានប្រជាជនប្រមាណជិតបួនលាននាក់មួយនេះ មានទីតាំងនៅលើកោះ Borneo ដែលជាកោះប្រសព្វបីប្រទេសរួមមាន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងព្រុយណេ។Sabah ក៏ត្រូវបានគេស្គាល់ថា ជារដ្ឋមួយដ៏មានសក្តានុពលរបស់ម៉ាឡេស៊ី ដ្បិតវា មានធនធានធម្មជាតិជាច្រើន រួមទាំងប្រេងទៀតផង។

ដោយឡែកអនុរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Kamarudin Jaafar ក៏បានបញ្ជាក់ផងដែរថា សំណើបញ្ចូល Sabah និងតំបន់សេដ្ឋកិច្ចផ្តាច់មុខនៃតំបន់នេះ ក្នុងផែនទីនៅក្នុងលិខិតឆ្លងដែនរបស់ហ្វីលីពីន មិនមែនជារឿងថ្មី និងជាជំហរផ្លូវការរបស់រដ្ឋាភិបាលហ្វីលីពីនផងដែរ។ក៏ប៉ុន្តែរឿងដែលម៉ាឡេស៊ី មិនអាចលើកលែងបាននោះគឺ មានសំណើមួយថ្មីទៀតធ្វើដោយសមាជិកមួយរូបរបស់គណៈកម្មាធិការកិច្ចការបរទេសនៃសភាហ្វីលីពីន ចង់បង្កើតសេចក្តីព្រាងច្បាប់បន្ថែមដើម្បីធ្វើវិសោធនកម្ម ឬក៏ជំនួសច្បាប់ស្តីពីលិខិតឆ្លងដែនឆ្នាំ១៩៩៦ របស់ហ្វីលីពីនតែម្តង៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print