រកឃេីញយានដ្ឋានជួសជុលរថយន្តគ្មានច្បាប់អនុញ្ញាតចំនួន៦ទីតាំងក្រោយពីមន្ទីរសាធារណការនិងដឹកជញ្ជូនចុះពិនិត្យ ក្នុងមូលដ្ឋានខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ៖ យានដ្ឋានកែច្នៃ និងជួសជុលរថយន្តចំនួន៧ទីតាំងរកឃេីញ៦ទីតាំងខុសច្បាប់ ត្រូវបានសមត្ថកិច្ចធ្វេីការផ្អាកអាជីវកម្មបណ្ដោះអាសន្ន និងបានណែនាំឱ្យស្នើសុំច្បាប់អនុញ្ញាតតាមសេចក្ដីណែនាំរបស់មន្ទីរសាធារការនិងជញ្ជូន និង១ទីតាំងទៀតមានច្បាប់អនុញ្ញាតត្រឹមត្រូវដែលទើបតែប្ដូរមកពីខណ្ឌទួលគោក។

ប្រតិបត្តិការចុះត្រួតពិនិត្យអាជីវកម្មនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងមូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកស្រី បុប្ផា ផានី អនុប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន លោក យស យុទ្ធី អភិបាលរងតំណាងលោក សុខ ពេញវុធ អភិបាលខណ្ឌ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រេីនរូបទៀត ។

លោក យស យុទ្ធី អភិបាលរងនៃគណៈអភិបាលខណ្ឌដូនពេញបានឱ្យដឹងថា យានដ្ឋានទាំងអស់នៅមូលដ្ឋានខណ្ឌដូនពេញសរុបមានចំនួន៤២ទីតាំង តែដោយឡែកយានដ្ឋានខ្លះទីតាំងមានតែផ្ទះ១ល្វែង ដូច្នេះពុំមានចំណតសម្រាប់រថយន្តគ្រប់គ្រាន់ ត្រូវកម្លាំងគណៈបញ្ជាឯកភាពខណ្ឌចុះធ្វើការណែនាំឱ្យផ្អាកផងដែរ តែម្ចាស់ទីតាំងបានប្ដូរពីយានដ្ឋានមកជាទីតាំងប្ដូរប្រេងម៉ាស៉ីនទៅវិញ។ 

សូមបញ្ជាក់ផងដែរថាក្នុងប្រតិបត្តិការនៅព្រឹកថ្ងៃទី៣១ ខែសីហា នេះ កម្លាំងមន្ទីរសាធារណការ និងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញបានចុះត្រួតពីនិត្យយានដ្ឋានកែច្នៃ និងជួសជុលរថយន្ត  ចំនួន៧ទីតាំងដោយរកឃេីញ៦ទីតាំងខុសច្បាប់ត្រូវបានសមត្ថកិច្ចធ្វេីការផ្អាកអាជីវកម្មបណ្ដោះអាសន្ន និងណែនាំឱ្យស្នើសុំច្បាប់អនុញ្ញាតតាមសេចក្ដីណែនាំរបស់មន្ទីរសាធារការនិងដឹកជញ្ជូន និង១ទីតាំងទៀតមានច្បាប់អនុញ្ញាតត្រឹមត្រូវដែលទើបតែប្ដូរមកពីខណ្ឌទួលគោក តែមិនបានធ្វើការផ្អាកអាជីវកម្មឡើយដោយគ្រាន់តែណែនាំឱ្យទៅស្នើសុំប្ដូរអាសយដ្ឋានទីតាំងយានដ្ឋានឡើងវិញ។

លោកស្រី បុប្ផា ផានី អនុប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបញ្ជាក់ថា យោងតាមអនុសាសន៍ណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងយោងតាមលិខិតលេខ ០៥៨ ចុះថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៩ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញលិខិតលេខ៥១៥ ចុះថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២០ ដើម្បីធ្វើការណែនាំគ្រប់រាជធានី-ខេត្ត ចុះត្រួតពិនិត្យ និងបិទទីតាំងយានដ្ឋានកែច្នៃ ដែលគ្មានច្បាប់អនុញ្ញាត នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ-ខេត្តរបស់ខ្លួនឱ្យអស់ទាំងស្រុង៕ ដោយ៖ រ៉ារ៉ា

...

       

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print