កុំភ្លេចណាចុងសប្តាហ៍ ទៅកម្សាន្តនៅ «រមណីយដ្ឋាន វត្តអង្គរក្នុង»

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ បើតាមអត្ថបទដកស្រង់ពី ឯកសារមហាបុរសខ្មែរ/ផែនដីព្រះស្ដេចកន
សូមបង្ហាញរមណីយដ្ឋានមួយកន្លែងនៅក្នុងខេត្តត្បូងឃ្មុំ (អតីតទឹកដីរបស់ខេត្តកំពង់ចាមដែរ) ដែលពាក់ព័ទ្ធនឹងរឿងហ្លួងព្រះស្ដេចកន គឺ “វត្តអង្គរក្នុង” ដែលជារាជធានីថ្មីរបស់ហ្លួងព្រះស្តេចកន និងមានឈ្មោះថា “ក្រុងសន្លប់ដូនតី ព្រៃនគរ បវររាជធានី”។
យោងតាមឯកសារដែល ដកស្រង់ពី ឯកសារមហាបុរសខ្មែរ/ផែនដីព្រះស្ដេចកន ហ្លួងព្រះស្តេចកនក្រោយពីដណ្ដើមរាជ្យសម្បត្តិពីព្រះបាទស្រីសុគន្ធបទបានជោគជ័យ ក្នុងឆ្នាំវកចត្វាស័ក ព.ស. ២០៥៦-គ.ស ១៥១២ ហ្លូងព្រះស្ដេចកន ក្នុងព្រះជន្មាយុ ២៩ឆ្នាំ បានឡើងសោយរាជសម្បត្ដិក្នុងវាំងបាសាន ខេត្តស្រីសឈរ ទ្រង់តាំងព្រះនាមជា ព្រះបាទសម្ដេច ព្រះស្រីជេដ្ឋាធិរាជរាមាធិបតី ក្រុងស្រីសឈរ បាសាន។
ទ្រង់បានត្រាស់បង្គាប់ សម្ដេចចៅហ្វា កៅ ជាមា ឲ្យកេណ្ឌប្រមូលរាស្ត្រ លើកពីក្រុងបាសានទៅទិសខាងកើត។ លុះដល់ទៅភូមិចន្លក់ដូនតី ព្រះស្រីជេដ្ឋា ស្ដេចឲ្យសាងក្រុង ហើយគង់នៅទីនោះបាន ៥ខែ។ លុះក្រោយមកទៀត ដោយមានព្រះសុបិន្ត និមិត្តថា ក្រុងនេះមិនគួរឲ្យព្រះអង្គគង់នៅបន្តទៅទៀត ទើបទ្រង់ប្ដូររាជធានីថ្មីមកកាន់ភូមិស្រឡប់ ចុងខេត្តត្បូងឃ្មុំ ទល់ដែនខេត្តបាភ្នំនេះវិញ ដែលសមគួរជាទីពិជ័យភូមិល្អ។ ការកសាងក្រុងនេះ គឺបានចំណាយរយៈពេលតែ ២ឆ្នាំប៉ុណ្ណោះ ដោយទ្រង់ចាត់ការឲ្យលើកដី ដុតឥដ្ឋ ដុតកំបោរ ដុតក្បឿង និងស្បូវអំបែង តាក់តែងលើកកំផែង ជីកគូ ជីកអូ តាំងបន្ទាយធំខ្ពស់ ក្រាស់ក្រួនមាំមួនធំទូលាយណាស់ ល្មមធ្វើសឹកកាន់ឆ្នាំបាន និងបានសាងប្រាសាទ ព្រះរាជមន្ទីរ ត្រឡែងកែងចុងរោង រោងជួង រោងទង រោងទីនាំង រោងឃ្លាំង និងសួនឧទ្យាន មានគ្រប់ប្រការ ព្រមទាំងឲ្យជីកស្រះធំ កណ្ដាលកំផែងព្រះនគរមានជ្រុង៤ ផងដែរ។ ទ្រង់សាងរាជធានីនេះ ធំមាំមួនជាងរាជធានីចាស់ ហើយបានរួចរហ័សឆាប់ទៀតផង ព្រោះរាស្ត្រស្រុះស្រួលណាស់ កេណ្ឌតែម្នាក់ចូលជួយជាពីរបីនាក់។
លុះស្ថាបនារួចស្រេចហើយ ស្ដេចតាំងព្រះនគរនេះ យកនាមភូមិដើម មកផ្សំនឹងពាក្យថ្មី ហៅថា “ក្រុងសន្លប់ដូនតី ព្រៃនគរ បវររាជធានី”។ ព្រះស្រីជេដ្ឋា ដែលយាងមកគង់នៅ ក្រុងសន្លប់ដូនតី ព្រៃនគរនេះ បានតែបីឆ្នាំ រាស្ត្រប្រជា អ្នកបរទេស ចូលមកនៅយ៉ាងច្រើនកុះករ គណនាពុំបានឡើយ លើសពីផែនដីមុនពីរភាគ។ ព្រះនគរ ក៏សុខសប្បាយសម្បូណ៌គ្រប់។ ព្រះអង្គបានឲ្យបោះប្រាក់ស្លឹង មានស្លឹងត្រារូបនាគឲ្យរាស្ត្រសម្រាប់ប្រើប្រាស់ចាយចាយផងដែរ។

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print