ភ្នំពេញ៖ លោកយឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារបច្ចេកទេសលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានស្នើឲ្យក្រសួងពាណិជ្ជកម្មចាត់វិធានការផ្លូវច្បាប់ឲ្យរឹងមាំបន្ថែមចំពោះក្រុមហ៊ុនទឹកដោះគោម្សៅម៉ាក Nutrilatt ដែលមានកម្រិតជាតិដែកនិងស័ង្កសីទាបឆ្ងាយខ្លាំងជាងកម្រិតដែលបានសរសេរនៅលើស្លាកសញ្ញាផលិតផល និងកម្រិតអប្បបរមាកំណត់ដោយស្តង់ដារ Codex ។
ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានធ្វើឡើងនៅថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០នេះ ដោយលោកអះអាងថា បញ្ហាផលិតផលទឹកដោះគោម្សៅផ្សំតាមរូបមន្តម៉ាក Nutrilatt ដែលមានកម្រិតជាតិដែកនិងស័ង្កសីទាបឆ្ងាយខ្លាំងជាងកម្រិតដែលបានសរសេរនៅលើស្លាកសញ្ញាផលិតផល និងកម្រិតអប្បបរមាកំណត់ដោយស្តង់ដារCodex នាំឱ្យប៉ះពាល់សុខភាព ការលូតលាស់ និងការអភិវឌ្ឍរបស់ទារក និងកុមារ៕ដោយ៖សហការី