អន្តរជាតិ៖ ខ្មាន់កាំភ្លើងម្នាក់ ដែលជាប់ចោទពីបទបាញ់សម្លាប់មនុស្ស ៣នាក់ ដោយក្នុងនោះមានមនុស្សធំ ២នាក់ និងក្មេងអាយុ ២ឆ្នាំម្នាក់នៅអំឡុងពេលធ្វើការប្លន់ហាងលក់មាសមួយនៅផ្សារទំនើបក្នុងខេត្តលុបបូរី កាលពីថ្ងៃទី០៩ ខែមករា ដើមឆ្នាំ២០២០ ពេលនេះត្រូវបានតុលាការព្រហ្មទណ្ឌថៃ បានកាត់ទោសប្រហារជីវិតហើយ ។
សូមជម្រាបថា ជនល្មើសឈ្មោះថា Prasittichai Khaokaew ហៅ Golf អាយុ ៣៨ឆ្នាំ ជាអតីតនាយកសាលាបឋមសិក្សាមួយ នៅខេត្តស៊ីងបូរី ត្រូវបាននាំខ្លួនទៅកាន់តុលាការព្រហ្មទណ្ឌថៃនៅទីក្រុងបាងកក កាលពីថ្ងៃទី២៧ ខែសីហា ថ្មីៗនេះ ដើម្បីស្តាប់សាលក្រមរបស់តុលាការ។ ក្រោយជនល្មើសត្រូវបានរកឃើញថា មានពិរុទ្ធ លើបទចោទប្រកាន់ចំនួន ៩ រួមមានបទឃាតកម្ម ៣ ករណី និងការប៉ុនប៉ងធ្វើឃាត។
គួររម្លឹកផងដែរថា កាលពីអំឡុងពេលធ្វើការប្លន់ក្នុងហាងមាស ជនល្មើសបានប្រើកាំភ្លើងខ្លីមានតកាណុង។ ខ្មាន់កាំភ្លើងត្រូវបានគេតាមប្រមាញ់ ជាមួយប្រាក់រង្វាន់ចំនួន ៥០០,០០០បាត និងត្រូវបានចាប់ខ្លួន ២សប្តាហ៍ក្រោយមក នៅផ្ទះឪពុករបស់គាត់។គ្រឿងអលង្ការមាសដែលត្រូវបានលួចមួយចំនួន ត្រូវបានគេរកឃើញនៅលើដំបូលផ្ទះឪពុករបស់គាត់។ ជនល្មើសបានសារភាពថា ខ្លួនមិនមានបំណងសម្លាប់ ឬប្លន់នរណានោះទេ ប៉ុន្តែដោយសារតែបំណុលល្បែង។
គួរបញ្ជាក់ថា តុលាការព្រហ្មទណ្ឌថៃ បានបង្ហាញភស្តុតាងពីការស៊ើបអង្កេតជាផ្លូវការ និងការសួរចម្លើយរបស់សាក្សី ហេតុដូច្នេះហើយបានចាត់ទុកថា ជនជាប់ចោទគឺមានពិរុទ្ធភាពក្នុងករណីនេះ ហើយបានផ្តន្ទាទោសគាត់ដោយការប្រហារជីវិត ។ មិនតែប៉ុណ្ណោះ Golf ក៏ត្រូវបានគេបញ្ជាឱ្យបង់ប្រាក់ពិន័យចំនួន ១,០០០ បាត ក៏ដូចជាសំណងដល់ក្រុមគ្រួសារនៃអ្នកដែលគាត់បានសម្លាប់ និងដល់ប្រជាជនដែលគាត់បានបង្កឱ្យរងរបួស នៅក្នុងការបាញ់ប្រហារដ៏ធំនោះ ជាមួយនឹងការប្រាក់ ៧.៥% ក្នុងមួយឆ្នាំ៕ដោយ៖សហការី