ខេត្តកំពង់ធំ៖ ក្រុមការងារចល័តត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅយប់យប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បានសហការជាមួយលោក ជូ កូលា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ អាជ្ញាធរដែនដីមូលដ្ឋានព្រមទាំងមានក្រុមការងារលេខាធិការដ្ឋាន នៃគណ:កម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ បានចុះឆ្មក់ចាប់ត្រួតពិនិត្យយានយន្ត សរុបចំនួន១០គ្រឿង។
ក្រុមមន្ត្រីបានឱ្យដឹងថា៖ ការឆ្មក់ចាប់ត្រួតពិនិត្យយានយន្ត សរុបចំនួន១០គ្រឿង នៅទីតាំងពីរកន្លែង គឺ ស្រុកបារាយណ៍ និងស្រុកសន្ទុកខេត្តកំពង់ធំ ដែលជារថយន្តទាំង១០គ្រឿងនោះ គឺដឹកទំនិញដូចជា ដំឡូង, ស្រូវ និង ជ័រកៅស៊ូក្រែប។
សូមបញ្ជាក់ថា៖ ក្នុងចំណោមរថយន្តទាំង១០គ្រឿងនោះ មានរថយន្តចំនួន៨គ្រឿងដឹកលើសទម្ងន់ខុសពីច្បាប់កំណត់ចាប់ពី១២តោន រហូតដល់២៥តោន។ ចំណែករថយន្ត២គ្រឿងទៀត ដឹកមិនលើសទម្ងន់ទេ ដូច្នេះក្រុមងារបានអនុញ្ញាតឲ្យធ្វើចរាចរណ៍បន្តទៀត។ ចំពោះរថយន្តចំនួន៨គ្រឿង ដែលលើសទម្ងន់នោះក្រុមការងារ កំពុងបន្តអនុវត្តទៅតាមនីតិវិធីច្បាប់។
សូមជម្រាបថា៖ ទីតាំងស្ថានីយជញ្ជីងថ្លឹងរថយន្តនៅស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានគេដឹងថា ធ្លាប់ឱ្យរថយន្តផ្ទុកលើសទម្ងន់ បើកគេចពីកន្លែងថ្លឹងថ្នូរជាប្រាក់១ឡាន ១០មុឺនរៀល ។ នេះបើតាមរបាយការណ៍របស់សមត្ថកិច្ច ធ្វើការឃាត់ខ្លួនអ្នកបើកបរឡានដឹកខ្សាច់ពីខេត្តកំពង់ចាម ទៅខេត្តសៀមរាប ដើម្បីដាក់ក្នុងការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបថ្មី យកមកសាកសួរកន្លងទៅ៕
ដោយ៖ សិលា