ប្រមុខដឹកនាំUN៖ ស្នើ​ឲ្យ​រដ្ឋាភិបាលឥណ្ឌា​ បញ្ឈប់​រាល់​ការសាងសង់​ស្ថានីយ៍​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម

ចែករំលែក៖

អន្តរជាតិ៖ ដើម្បី​ចូលរួមចំណែក​ក្នុងការ​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​សាកល លោក​Antonio Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ(UN)​ បានស្នើ​ឲ្យ​ប្រទេស​ឥណ្ឌា​បញ្ឈប់​រាល់​ការសាងសង់​ស្ថានីយ៍​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម​។​ ដោយប្រមុខ​UN រូបនេះ បាន​ទទូច​ឲ្យ​រដ្ឋាភិបាលឥណ្ឌា​ងាក​ចេញពី​ឧស្សាហកម្ម​ធ្យូងថ្ម​យ៉ាង​ឆាប់រហ័ស និង​ជា​អចិន្ត្រៃយ៍ ដ្បិតថា វា​ជាការ​វិនិយោគ​ដែល​គ្មាន​បាន​ប្រយោជន៍ និង​មាន​ផលប៉ះពាល់​ខ្លាំង ថ្វីបើ​វា​មាន​តម្លៃថោក​ក៏ដោយចុះ​។

បើតាមស​ម្តី​លោក Guterres បានអះអាងក្នុង​វេទិកា​តាម​អន​ឡាញ​មួយ​ដែល​រៀបចំឡើង​កាលពី​ថ្ងៃ​សុក្រ​ទី ២៧ សីហា​កន្លងទៅថ្មីៗនេះថា៖ «​ធ្យូងថ្ម​មិនមែនជា​ការវិនិយោគ​ដែល​បាន​ផល​មកវិញ​ទេ ហើយ​វា​ក៏​គ្មាន​តម្លៃ​ពាណិជ្ជកម្ម​ដែរ ពោលគឺ​ជំនួញ​ថាមពល​ធ្យូងថ្មនេះ​នឹង​រលាយ​តាម​ផ្សែង​ប៉ុណ្ណោះ​»​។

​លោកអគ្គលេខាធិការ​រូបនេះ​ បញ្ជាក់ទៀតថា ប្រទេសឥណ្ឌា​មានលទ្ធភាព​អាច​ក្លាយជា​ប្រទេស​មហាអំណាច​ពិភពលោក​ដ៏​ពិតប្រាកដ​មួយ​ដែល​អាច​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ ។ បើ​ប្រទេស​នេះ​បង្កើនល្បឿន​ក្នុងការ​ផ្លាស់ប្តូរ​ពី​ការប្រើប្រាស់​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ទៅជា​ថាមពល​ដែល​អាច​កកើត​ឡើងវិញ​។​ នេះបើយោងតាម​ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Guardian ។

​យ៉ាងណាមិញ រដ្ឋាភិបាល​ឥណ្ឌា​ហាក់​មាន​ភាពស្ទាក់ស្ទើរ​ក្នុងការ​ប្តេជ្ញាចិត្ត​សារជាថ្មី​ចំពោះ​ការដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុដោយសារ​ជារឿយៗ​ប្រទេស​ឥណ្ឌា​រមែង​ប្រកាន់យក​នូវ​គោលជំហរ​មួយ​ដែល​សង្កត់ធ្ងន់ថា  ប្រទេស​អ្នកមាន​គួរតែ​ជា​អ្នកទទួលខុសត្រូវ​ខ្ពស់បំផុត​ចំពោះ​ការ​បំ​ភាយ​ឧស្ម័ន​ពុល រីឯ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​គួរ​បន្ត​ប្រើប្រាស់​ហ្វូ​ស៊ី​ល​ឥន្ធនៈ​។ រដ្ឋាភិបាល​នេះ​ក៏​បន្ត​ជំរុញ​ការផលិត​ថាមពល​ធ្យូងថ្ម​ជំនាន់​ថ្មី ទោះបីជា​តម្លៃ​នៃ​ថាមពល​កកើតឡើង​វិញ​បាន​ធ្លាក់ចុះ​ក៏ដោយ​។​

​លោក Guterres ទាក់ទិន​នឹង​បញ្ហា​នេះ លោកក៏បាន​ជំទាស់​ជំហរ​របស់​រដ្ឋាភិបាលឥណ្ឌា ដោយ​លោក​បាន​ព្រមាន​ថា៖ ប្រជាជន​ឥណ្ឌា អាច​នឹងរង​ផលប៉ះពាល​ធ្ងន់ធ្ងរ ក្នុងករណី​ដែល​គេ​នៅតែ​បន្ត​ពឹង​ផ្អែកលើ​ឧស្សាហកម្ម​ធ្យូងថ្ម​។ គ្រោះថ្នាក់​នោះ​វា​ស្តែងឡើង​តាមរយៈ​ការបំពុល​បរិយាកាស ហើយ​វា​ធ្វើឱ្យ​ទីក្រុង​ជាច្រើន​នៅ​ឥណ្ឌា​ទទួលផល​ប៉ះពាល់​ខ្លាំង​ដែរ​។​

មិនតែប៉ុណ្ណោះលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN)​បានសង្កត់ធ្ងន់ថា៖«​ការវិនិយោគ​លើ​ប្រេងឥន្ធនៈ​ហ្វូ​ស៊ី​ល​មានន័យថា វា​នឹង​ធ្វើអោយ​អត្រា​ស្លាប់​របស់​មនុស្ស និង​អត្រា​កើត​ជំងឺ​របស់​ប្រជាជន​កើនឡើង​កាន់តែច្រើន ហើយ​ការចំណាយ​លើ​ការថែទាំ​សុខភាព​ក៏​កើន​ឡើងជា​លំដាប់​។ និយាយ​ឲ្យ​ខ្លី​គឺ វា​ជា​គ្រោះមហន្តរាយ​មនុស្សជាតិ និង​ភាពដុនដាប​នៃ​សេដ្ឋកិច្ច​»​៕ ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print