យោធា​ឥណ្ឌា ចេញ​សេចក្តីថ្លែងការណ៍​មួយ ​ចោទប្រកាន់​ចិន​ថា៖ ជាអ្នកបង្ក​ជម្លោះនៅ​តំបន់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមរយៈ​សេចក្តីថ្លែងការណ៍​មួយ របស់ក្រសួងការពារជាតិ​ឥណ្ឌា នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ២០២០ ដោយចោទប្រកាន់ចិនថា៖ ជាអ្នកបង្ក​ជម្លោះនៅ​តំបន់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ ។ មិនតែប៉ុណ្ណោះកងទ័ព​រំដោះប្រជាជន​ចិន បាន​ចល័ត​ទ័ព ដែលជា​សកម្មភាព​បង្ករឿង ដើម្បី​ផ្លាស់ប្តូរ​ស្ថានភាព​បច្ចុប្បន្ន ហើយក៏​ជាការ​បំពាន​ការឯកភាព​គ្នា​កន្លង​ដែរ​។

ក្នុងសេចក្តីថ្លែងការណ៍​មួយនេះ បានបញ្ជាក់ថា​សកម្មភាព​យោធា​ថ្មីនេះ នៅ​តំបន់​ព្រំដែន​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ​ ត្រូវបាន​ភាគី​ឥណ្ឌា​ អះអាងថា កើតឡើង​នៅក្បែរ​កន្លែង​ប៉ះទង្គិច​ចាស់ ដែល​កាលនោះ​មាន​ទាហាន​ឥណ្ឌា​យ៉ាងហោចណាស់​ចំនួន ២០​នាក់​បាន​បាត់​បង់ជីវិត និង​ជាច្រើន​នាក់​រងរបួស​។

​ជាក់ស្តែងបច្ចុប្បន្ននេះ កម្តៅ​នៅតាម​ព្រំដែន​ឥណ្ឌា និងប្រទេស​ចិន ហាក់​មាន​សភាព​ស្ងប់ស្ងាត់​មួយរយៈ បន្ទាប់ពី​កិច្ចចរចា​យោធា​រវាង​ទីក្រុង​ញូវដែលី និង​ទីក្រុង​ប៉េកាំង បាន​ធ្វើឡើង​រហូតដល់​ទៅ ៣​ដង​។ ប៉ុន្តែ​ភាព​តានតឹង​នៅតែ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​បាន​កើន​ឡើងវិញបន្ទាប់ពី​ឥណ្ឌា​អះអាងថា ចិន បាន​បង្ក​សកម្មភាព​យោធា​ជាថ្មី​។ ដោយហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ភាគ​ខាងកើត​តំបន់ Ladakh ក្បែរ​តំបន់​ជម្លោះ​លើក​មុន នៅ​យប់​ថ្ងៃទី​២៩ ខែសីហា​។ យ៉ាងណាក៏ដោយ ក្រសួងការពារជាតិ​ឥណ្ឌា មិនបាន​បញ្ជាក់​ទេ ថា​តើ​មានការ​ប៉ះទង្គិច​គ្នា​ឬ​អត់​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ដកស្រង់តាមរយៈសេចក្តីថ្លែងការរបស់ក្រសួងការពារជាតិ​ បានលើកឡើងថា​៖ «​កងទ័ព​ឥណ្ឌា បាន​ត្រៀមខ្លួន​ទុកជាមុន ដើម្បី​ទប់ស្កាត់​សកម្មភាព​របស់​ចិន​នៅ​ភាគខាងត្បូង​នៃ​ជ្រោយ​ទន្លេ Pangong Tso, ពង្រឹង​ទីតាំង​ឈរជើង និង​បង្ការ​ការផ្លាស់ប្តូរ​ព្រំដែន​ជា​ឯកតោភាគី​ពី​សំណាក់​ចិន​»​។ ដោយក្នុង​សេចក្តីថ្លែងការណ៍​ដដែល​នេះ ឥណ្ឌា ចង់មានន័យថា កងទ័ព​ចិន បាន​បំពាន​កិច្ចព្រមព្រៀង ដែល​កាត់បន្ថយ​ភាព​តានតឹង​តាម​ព្រំដែន​។

​គួរបញ្ជាក់ថា កាលពីថ្ងៃទី​៣១ ខែសីហាម្សិលមិញនេះ មេ​បញ្ចា​ការ​កងទ័ព​ឥណ្ឌា និង​ចិន បាន​ជួបប្រជុំ​ជាមួយគ្នា ដើម្បី​ជជែក​ពី​បញ្ហា​នេះ​។ដោយក្នុងជំនួប​មេបញ្ជាការ​យោធា​ខាងលើ ធ្វើឡើង​នៅ​ភូមិ Chushul ក្នុង​តំបន់​Ladakh​។ ចាប់តាំងពី​មានការ​ប៉ះទង្គិច​នៅក្នុង​ខែមិថុនា​កន្លងមក វត្តមាន​កងទ័ព​ចិន និង​ឥណ្ឌា បាន​កើន​ដល់​ប្រមាណ ១០​ម៉ឺន​នាក់ នៅតាម​តំបន់​ព្រំដែន​ជម្លោះ​នោះ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print