ហុងកុង ចាប់ផ្តើម​ការធ្វើ​តេស្តរក​COVID-19 ទ្រង់ទ្រាយ​ធំ ប៉ុន្តែប្រជាជន​​មិន​ចង់ធ្វើតេស្ត ព្រោះ​​ក្រុមគ្រូពេទ្យ​មកពី​ទីក្រុង​ប៉េកាំង

ចែករំលែក៖

អន្តរជាតិ៖ កាលពីថ្ងៃទី​១ ខែកញ្ញា ឆ្នាំ២០២០ ទីក្រុង​ហុងកុង បានចាប់ផ្តើម​ធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ ដើម្បី​រក​COVID-19​ ប៉ុន្តែ​អ្វីដែលនឹកស្មានមិនដល់នោះ គឺមានប្រជាជន​មួយចំនួន​មិន​ចង់ទៅ​ធ្វើតេស្ត​នោះឡើយ ព្រោះ​យុទ្ធនាការ​នេះ មានការ​ចូលរួម​ពី​ក្រុមគ្រូពេទ្យ​មកពី​ទីក្រុង​ប៉េកាំង​។ ខណៈដែល​អ្នកនយោបាយ​ដែលមាន​ទំនោរ​ទៅរក​លទ្ធិប្រជាធិបតេយ្យ អំពាវនាវ​ឲ្យ​ប្រជាជន​កុំទៅ​ធ្វើតេស្ត ។

​ជាក់ស្តែងកម្មវិធី​នេះ ធ្វើឡើង​ដើម្បី​ស្វែងរក​អ្នក​ផ្ទុក COVID-19 ក៏ដូចជា​លុបបំបាត់​ករណី​ឆ្លង​នៅក្នុង​ទីក្រុងហុងកុង ​។ ប៉ុន្តែផែនការ​នេះមិនសូវ​ទទួលបាន​កា​រ​គាំទ្រ​ពី​សំណាក់​ប្រជាជន​ក្នុង​ទីក្រុង​ឡើយ ព្រោះ​ប្រជាជនហុងកុង​ខ្លាចរដ្ឋបាល​ក្រុង​ប៉េកាំង យក​ទិន្នន័យ​របស់ខ្លួនក៏ដូចជា DNA ដើម្បី​តាមដាន​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP បានចេញផ្សាយថា ទីតាំបរៀបចំ​មណ្ឌល​ធ្វើតេស្ត​រក COVID-19 នៅទីក្រុង​ហុងកុង មានចំនួន ១៤១​កន្លែង​។បើគិត​ត្រឹម​ថ្ងៃទី​២៩ ខែសីហា កន្លងទៅនេះ មាន​មនុស្ស​ចំនួន ៥១​ម៉ឺន​នាក់​ប៉ុណ្ណោះ ដែលបាន​ចុះឈ្មោះ ដើម្បី​ធ្វើតេស្ត ខណៈ​ទីក្រុង​ហុងកុង​មាន​ប្រជាជន​សរុប​ប្រមាណ ៧,៥​លាន​នាក់​។

​សូមជម្រាបថា នៅក្នុងយុទ្ធនាការ​នេះ មាន​ទាំង​ការគាំទ្រ និង​មិន​គាំទ្រ​។ បើតាមស​ម្តី​ស្ត្រី​វ័យ ៣០ឆ្នាំម្នាក់ ដែល​គាំទ្រ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ហុងកុង បាននិយាយថា «​ខ្ញុំ​នឹងធ្វើ​តេស្ត​រក​COVID-19 ដើម្បី​ខ្លួនឯង និង​អ្នកដទៃ​»​។ ខណៈ​ប្រជាជន​មួយចំនួនទៀត បានសម្រេច​ថា មិន​ទៅធ្វើ​តេស្ត​ព្រោះ​មិន​ជឿជាក់​លើ​រដ្ឋាភិបាល​។

​ដោយឡែកអ្នកនយោបាយ និង​អ្នកតំណាងរាស្ត្រ ដែលមាន​ទំនោរ​ទៅរក​ប្រជាធិបតេយ្យ នៅក្នុង​ទីក្រុង​ហុងកុង កាលពីថ្ងៃទី​៣០ ខែសីហាក៏បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ពហិកា​ទៅធ្វើ​តេស្ត​រក​COVID-19 ព្រោះ​មាន​ទីក្រុង​ប៉េកាំង​នៅ​ពីក្រោយ និង​ការពារ​ទីក្រុង​ប៉េកាំង​យក DNA ដើម្បី​តាមដាន​ផងដែរ​។

​ជុំវិញបញ្ហានេះរដ្ឋាភិបាល​ហុងកុង បាន​ច្រានចោល​បញ្ហា​នឹង​ការបារម្ភ​របស់​ប្រជាជន​ជុំវិញ​ការយក​DNA ​នេះ ដោយ​អះអាងថា មិនមាន​ការយក​សំណាក​ណាមួយ ទៅ​មន្ទីរពិសោធន៍​នៅ​ទីក្រុង​ប៉េកាំង​ទេ​។ ចំណែក​លោកស្រី​ការី ឡាំ បាន​លើកឡើងថា អ្នកជំទាស់​នឹង​ការធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ គឺ​មិនអាច​អត់ឱន​ឲ្យ​បានឡើយ​។

គួរបញ្ជាក់ថា កន្លងមក​ទីក្រុង​ហុងកុង បាន​រាយការណ៍​ពី​ការកើនឡើង​ករណី​ឆ្លង COVID-19 ដែលជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ហុងកុងចាប់ផ្តើម​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​នេះ​។ បើគិត​មក​ត្រឹម​ថ្ងៃទី​១ ខែកញ្ញា ហុងកុង​មាន​ករណី​ឆ្លង​COVID-19 សរុប​ចំនួន ៤៨១១​ករណី អ្នកស្លាប់​មាន​ចំនួន ៨៩​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៤៣៤២​នាក់​៕ ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print