ខេត្តកណ្តាល៖ អ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តកណ្តាល សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថា៖ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នេះ ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតមេគុកទួល ស្តែងក្នុងរបបខ្មែរក្រហម បានទទួលមរណភាព នៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត នៅវេលាម៉ោង ០០៖៥១នាទី រំលងអាធ្រាតឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០។ ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច កើតនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤២ នៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ សញ្ជាតិខ្មែរ មុខរបរគ្រូបង្រៀន ជាប្រធានមន្ទីរសន្តិសុខ ស-២១។ គាត់ត្រូវបានចាប់ និងឃុំខ្លួន នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៩៩ ហើយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០៧ ត្រូវបានផ្ទេរមកឃុំខ្លួន ក្នុងមន្ទីរឃុំឃាំង អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ កម្រិតទោសមួយជីវិត។ . វ . ត .ក) ពីបទ៖ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣ អង្គជំនុំជម្រះតុលាការកំពូល បានចេញសាលដីកាសម្រេច ផ្តន្ទាទោស កាំង ហ្កេកអ៊ាវ ហៅ ឌុច ដាក់ពន្ធនាគារអស់មួយជីវិត គាត់ត្រូវបានបញ្ជូនមកពន្ធនាគារខេត្ត កណ្តាល នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៣ ដើម្បីអនុវត្តទោស។ គិតមកដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល អស់រយៈពេល ០៧ឆ្នាំ ២ខែ និង២៥ថ្ងៃ ។
ក្រោមការអនុវត្តទោសនៅពន្ធនាគារខេត្តកណ្តាល ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច ស្ថិតក្នុងសភាព ទន់ខ្សោយ ជាមនុស្សចាស់ជរាក្នុងវ័យ៧៨ឆ្នាំ ដែលសុខភាពរបស់គាត់ស្ថិតក្នុងសភាព ចុះទ្រុឌទ្រោមខ្លាំង ដោយ ទទួលរងបញ្ហាសុខភាពរាំរៃជាច្រើន។ ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច ធ្លាប់បានបញ្ជូនទៅពិនិត្យព្យាបាលនៅ មន្ទីពេទ្យក្រៅពន្ធនាគារចំនួន ០៤ លើក៖
– លើកទី១៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ បញ្ជូនទៅមន្ទីពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល ដោយ មានអាការៈហត់ខ្លាំង លោកគ្រូពេទ្យបង្អែកជ័យជំនះ បញ្ជូនបន្តទៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត នៅ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ហើយបានបញ្ជូនមកអង្គភាពពន្ធនាគារវិញនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៨។
– លើកទី២៖ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ បញ្ជូនទៅមន្ទីពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល និង បញ្ជូនបន្តទៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ដោយមានអាការៈចុកត្រង់តម្រងនោម (ស្ទះនោម) ហើយបានបញ្ជូនមកអង្គភាពពន្ធនាគារវិញនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។
– លើកទី៣៖ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ បញ្ជូនទៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ដោយអាការៈ ហើមជើង ក្រោយបានពិនិត្យរួច បានបញ្ជូនមកអង្គភាពពន្ធនាគារវិញ។
– លើកទី៤៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បញ្ជូនទៅមន្ទីពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល និង បញ្ជូនបន្តទៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ដោយមានអាការៈហត់ខ្លាំង បន្ទាប់ពីទទួលការព្យាបាល ក៏ទទួលមរណភាពនៅវេលាម៉ោង ០០ ៥១នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២០ តែម្តង។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល សូមជូនដំណឹងថា ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច បានទទួលមរណភាពហើយ។ ក្រោមការដឹកនាំរបស់អយ្យការ អមសាលាដំបូងខេត្តកណ្តាល ដោយមានការ ចូលរួមជាមួយមន្ត្រីពន្ធនាគារ មន្ត្រីសុខាភិបាល ក្រុមគ្រូពេទ្យកោសលវិច័យ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដោយធ្វើ ការយ៉ាងយកចិត្តទុកដាក់ អង្កេតលើករណីមរណភាពរបស់ទណ្ឌិត រូបនេះ ជាលទ្ធផលទទួលបាន ការស្លាប់ នេះបណ្តាលមកពីជំងឺប្រចាំកាយ (រលាកទងសួត និងជំងឺសួតធ្ងន់ធ្ងរ ) ។ ក្រោយពីពិនិត្យចប់សព្វគ្រប់មន្ត្រី ជំនាញយើងទាំងអស់បានធ្វើការប្រគល់សាកសពទៅឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។
អាស្រ័យហេតុនេះ សូមសាធារណជនជាតិ និងអន្តរជាតិទាំងអស់ ជ្រាបជាព័ត៌មាន៕
ដោយ៖ ចេស្តា