ប៉ូលីស​ថៃ ឃាត់ខ្លួន​ប្រធាន​សហព័ន្ធ​និស្សិត​ថៃស្រី​ម្នាក់ ពីបទ​បំពាន​សន្តិសុខ​ផ្ទៃក្នុង និង​មិន​គោរព​ប​ម្រោម​ទប់ស្កាត់​COVID-19​

ចែករំលែក៖

អន្តរជាតិ៖ និស្សិតស្រីម្នាក់ វ័យ២១ឆ្នាំ ក្នុងចំណោមមេដឹកនាំក្រុមនិស្សិត ដើម្បីធ្វើ​បាតុកម្ម​ទាមទារ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​បញ្ចប់​ឥទ្ធិពល​យោធា​នៅក្នុង​សង្គម​ថៃ​ ត្រូវបានប៉ូលិស​ថៃ ឃាត់ខ្លួន​នៅ​ទីក្រុង​បាងកក កាលពីថ្ងៃទី​១ ខែកញ្ញាម្សិលមិញនេះ ​​ពីបទ​បំពាន​សន្តិសុខ​ផ្ទៃក្នុង និង​មិន​គោរព​ប​ម្រោម​ទប់ស្កាត់​COVID-19​។

ទាក់ទិន​នឹង​បាតុកម្ម​នេះ ប៉ូលីស​ថៃ បាន​ឃាត់ខ្លួន​បាតុករ​ជា​បន្តបន្ទាប់ ក្នុងនោះ​មានដូចជា៖ ​មេធាវី​សិទ្ធិមនុស្ស  Anon Nampa តារាចម្រៀង​រ៉េ​ប និង​សកម្មជន​មួយចំនួន​។ ប៉ុន្តែ​អ្នក​ទាំងនោះ ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​អស់ហើយ​។ ខណៈការធ្វើបាតុកម្មនេះ ចាប់តាំងពី​ថ្ងៃទី​១៨ខែកក្កដា កន្លងមក ដោយក្រុមនិស្សិត​ថៃ បានធ្វើ​បាតុកម្ម​ស្ទើរតែ​រាល់ថ្ងៃ ដើម្បី​ទាមទារ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​បញ្ចប់​ឥទ្ធិពល​យោធា​នៅក្នុង​សង្គម​ថៃ​។ លើសពីនេះ ក្រុមបាតុករ​មួយចំនួន ក៏បាន​ទាមទារ​ឲ្យ​ធ្វើកំណែទម្រង់​លើ​ស្ថាប័ន​មហាក្សត្រ​ថៃ​ផងដែរ​។

ជាក់ស្តែង​រហូតដល់​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ២០២០ ស្រាប់តែប៉ូលីស​ថៃ បាន​ឃាត់ខ្លួន​ប្រធាន​សហព័ន្ធ​និស្សិត​ថៃ​ម្នាក់ទៀត ពីបទ​បំពាន​ច្បាប់​សន្តិសុខ​ផ្ទៃក្នុង និង​បទ​បញ្ញា​ត្តិ​COVID-19 ដែល​ហាម​ក្នុងការ​ជួបប្រជុំ​។ ប្រធាន​សហព័ន្ធ​និស្សិត​ថៃ​រូបនេះ គឺមាន​ឈ្មោះ​Jutatip Sirikhan និង​មាន​វ័យ ២១​ឆ្នាំ​។ កញ្ញា Jutatip ត្រូវបាន​ប៉ូលីសឃាត់ខ្លួន ក្នុងអំឡុងពេល​ជិះ​តាក់ស៊ី ទៅ​សកល​វិទ្យាល័យ ក្នុង​ទីក្រុង​បាងកក​។​

សូមជម្រាបថា ​ក្នុងអំឡុងពេល​ប៉ូលីសឃាត់ខ្លួន​នោះ ប្រធាន​សហព័ន្ធ​និស្សិត​ថៃ​រូបនេះ ក៏បាន​ថត​វីដេអូ​មួយ និង​បង្ហោះ​នៅលើ​បណ្តាញ​សង្គមFacebook របស់ខ្លួន​ផងដែរ​ ដោយបញ្ជាក់ថា៖«​យើង​ចាប់ខ្លួន ដោយ​ផ្អែក​តាម​ដីកា​ឲ្យ​ចាប់ខ្លួន​លើ​ការតវ៉ា នៅ​ថ្ងៃទី​១៨ ខែកក្កដា​»​។ នេះ​បើ​ការបញ្ជាក់​របស់​ប៉ូលិស​បាងកក​ដែល​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។

​គួរជម្រាបផងដែរថា កាលពីថ្ងៃទី​១៦ ខែសីហា​កន្លងទៅ បាតុករ​ថៃ ដែលមាន​ចំនួន​យ៉ាងហោចណាស់ ១​ម៉ឺន​នាក់ បាន​ជួបជុំគ្នា​ធ្វើបាតុកម្ម​ដ៏​ធំ​បំផុត​តាំងតែ​ពី​រដ្ឋប្រហារ​យោធា​ឆ្នាំ​២០១៤  ដោយ​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​នយោបាយ​។ បន្ថែម​ពីលើ​នេះ ក្រុមបាតុករ​បានដាក់​សំណើរ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​របស់លោក ប្រា​យុទ្ធ ចាន់​អូ​ចា រំលាយ​រដ្ឋសភា វិសោធនកម្ម​រដ្ឋធម្មនុញ្ញ បញ្ឈប់​ការបំពាន​ដោយ​មន្ត្រី​រដ្ឋាភិបាល និង​បញ្ហា​ផ្សេងទៀត​៕ដោយ៖ស តារា

...

​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print