យ៉ាងហោចណាស់ក៏មានមនុស្ស៣នាក់ស្លាប់និង៣៦នាក់រងរបួស រាប់រយនាក់កំពុងតែជាប់គាំងនៅក្រោមគំនរអាគារបាក់បែកនៅឡើយ។
ក្នុងហេតុការណ៍រញ្ជួយដី គម្រិត 6,7 រិចទ័រ លើកោះតៃវ៉ាន់នៅវេលាម៉ោង 3និង ៥៧នាទី យប់ឈានចូលថ្ងៃទី៦ខែកុម្ភៈ។
មជ្ឈមណ្ឌុលត្រួតពិនិត្យពីការរញ្ជួយដីCENC បានប្រកាសឲ្យដឹងថា រញ្ជួយដីមានគម្រិត6,7 រិចទ័រ ក្នុងជម្រៅ១៥គីឡូម៉ែត្រនៅក្រោមដី។ ការរញ្ជួយដីនោះបានធ្វើឲ្យអាគារកំពស់១៦ជាន់បាក់ស្រុត ក្នុងពេលដែលពលរដ្ឋកំពុងតែដែកលង់លក់យ៉ាងស្កប់ស្កល់។ ការបាក់ស្រុតនោះបណ្តាលឲ្យមនុស្ស ជាច្រើនជាប់គាំងនៅក្រោមគំនរបាក់បែក។ នៅព្រឹកថ្ងៃទី៦ខែកុម្ភៈ ជនរងគ្រោះ៣៤នាក់ត្រូវបានជួយសង្គ្រោះចេញពីអាគារដួលរលំ ហើយនៅមានមនុស្សរាប់រយនាក់ទៀតជាប់នៅខាងក្នុងនៅឡើយ។
ក្រុមជួយសង្គ្រោះបានខិតខំអស់ពីសមត្ថភាពដោយបានប្រើប្រាស់នៅគ្រឿងយន្តក្នុងការគាស់កកាយស្វែងរកអ្នកជាប់នៅខាងក្នុងឲ្យបានទាន់ពេល។
សារព័ត៌មានAP បានផ្សាយថា មកទល់វេលាម៉ោង៩ព្រឹក ថ្ងៃទី៦ មានជនរងគ្រោះដល់ទៅ២២១នាក់បានជួយចេញពីអាគារបាក់បែក ក្នុងនោះមាន៣នាក់ស្លាប់ គឺទារកទើបតែអាយុ១០ខែ ម្នាក់ ស្ត្រីអាយុ៥៥ឆ្នាំម្នាក់ និងបុរសអាយុ៥០ឆ្នាំម្នាក់។ អាគារដែលបាក់បែកនោះមានគ្រួសាររស់នៅរហូត៩២គ្រួសារ ដោយមានសមាជិកសរុប២៥៦នាក់។
ការរញ្ជួយដីបានធ្វើឲ្យពលរដ្ឋជាច្រើនត្រូវបាត់បង់ផ្ទះសម្បែង ឬត្រូវជម្លៀសចេញទៅកាន់តំបន់មានសុវត្ថិភាព សម្រាប់អ្នកដែលរស់នៅលើអាគារឃុនដូរខ្ពស់ៗ ធ្វើឲ្យពិធីបុណ្យចូលឆ្នាំឆ្នាំនេះបាត់បង់ភាពសប្បាយរីករាយ៕