រដ្ឋាភិបាលចិន ទាត់ចោល​របាយការណ៍​អាមេរិក​ ដែលចោទខ្លួន​ថា ចង់​បង្កើន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទ្វេដង​

ចែករំលែក៖

អន្តរជាតិ៖ កាលពីថ្ងៃទី​២ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋាភិបាលចិន បាន​ច្រាលចោល​របាយការណ៍​មួយ​របស់​មន្ទីរ​បញ្ច​កោណ ​ដែល​ចោទប្រកាន់​ខ្លួន​ថា ចង់​បង្កើន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទ្វេដង ក្នុង​រយៈពេល​១០​ឆ្នាំ​។ មិនតែប៉ុណ្ណោះរដ្ឋបាល​ទីក្រុង​ប៉េកាំង អះអាងវិញថា ការ​ចោទ​របស់​អាមេរិកមាន​គោលដៅ​ការពារ​ការ​ចំ​ណោ​យ​លើ​យោធា​ដ៏​ច្រើនសន្ធឹក​សន្ធាប់​របស់ខ្លួន​តែប៉ុណ្ណោះ​។

​បើតាម​របាយការណ៍​សិក្សា​ប្រចាំឆ្នាំ​លើ​កម្លាំងយោធា​ចិន​ កាលពីថ្ងៃទី​១ ខែកញ្ញាថ្មីៗនេះ មន្ទីរ​បញ្ច​កោណ​អាមេរិក បាន​អះអាងថា កងទ័ព​ចិន​មាន​សមត្ថភាព​ស្មើ ឬ​លើស​អាមេរិក​លើ​វិស័យ​មួយចំនួន​។ ជាពិសេស ចិន​ថែមទាំង​ចង់​បង្កើន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទ្វេដង​ក្នុង​រយៈពេល​១០​ឆ្នាំ ខណៈពេល​បច្ចុប្បន្ន​ប្រទេស​អាស៊ី​មួយ​នេះ មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ក្រោម ៣០០​គ្រាប់​ប៉ុណ្ណោះ​។ ប៉ុន្តែ​ទីក្រុង​ប៉េកាំង បាន​ច្រានចោល​របាយការណ៍​នេះ និង​អះអាងថា​អាមេរិក មិន​យល់​ពី​គោលនយោបាយ​របស់ខ្លួន​។​

​ក្រោយពីរងការចោទប្រកាន់របស់អាមេរិក ក្រសួងការពារជាតិ​ចិន បាន​ទាត់ចោល ការចោទប្រកាន់​របស់​មន្ទីរ​បញ្ច​កោណ​ថា «​ខុស​ទាំងស្រុង​» និង​បកស្រាយ​ខុសពី​គោលនយោបាយ​ការពារជាតិ និង​យុទ្ធសាស្ត្រ​យោធា​របស់​ទីក្រុង​ប៉េកាំង​។ ក្នុងន័យនេះ ចិន​បាន​វាយបក​ទៅ​អាមេរិក​វិញ​ថា គ្រាន់តែ​ជា​របាយការណ៍ បង្ខូចកេរ្តិ៍​ឈ្មោះ​ចិន​ក្នុង​ការធ្វើ​ទំនើបកម្ម​កងទ័ព ការចំណាយ​លើ​យោធា គោលនយោបាយ​នុយក្លេអ៊ែរ និង​បញ្ហា​ផ្សេងទៀត​តែប៉ុណ្ណោះ​។ បន្ថែមពីនេះ ​ក្រសួងការពារជាតិ​ចិន ក្រសួងការបរទេស​ចិន ក៏បាន​ច្រានចោល​របាយការណ៍​រប​ស់​អាមេរិក​ផងដែរ​។

ដោយឡែកលោកស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​ថ្លែង​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​២ ខែកញ្ញាម្សិលមិញថា​៖ «​ចិន​តែងតែ​ស្វែងរក​គោលនយោបាយ​ការពារជាតិ ហើយ​អ្នក​គ្រប់គ្នា ដឹងថា​ចិន​ជា​អ្នក​ស្ថាបនា​សន្តិភាព​លើ​ពិភពលោក​»​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិនរូបនេះ បាន​សង្កត់ធ្ងន់ថា ការចំណាយ​យោធា​របស់​អាមេរិក​គឺ​ច្រើនណាស់ ពោលគឺ​ស្ទើរតែ​ស្មើ​ការចំណាយ​យោធា​របស់​ប្រទេស​ចំនួន​១០ ដែល ដែល​ឈរ​នៅ​បន្ទាប់​អាមេរិក​។ ក្នុងន័យនេះ អ្នកនាំពាក្យ​ចិន ចង់​សំដៅថា ការលើកឡើង​របស់​អា​មេ​រិ​ក គ្រាន់តែ​ជា​លេស ដើម្បី​ស្វែងរក​ឧត្តមភាព និង​អនុត្តរភាព​យោធា​របស់ខ្លួន​ប៉ុណ្ណោះ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print