ទស្សនល្ងីល្ងើៈ ចូលឆ្នាំចិនស្រវឹងខ្មែរ! បើស្រវឹងកុំបើកបរ!

ចែករំលែក៖

ឆ្នាំណាក៏ដូចឆ្នាំណាឲ្យតែរដូវចូលឆ្នាំចិន-យួនមកដល់ នាយជាលតែងកំណត់ចំណាំ​ឃើញ​​​ថា ខ្មែរយើងមួយចំនួនដែលមានសម្បុរខ្មៅដូចក្អែក ស៊ីប្រហុកកប់ៗមាត់ និងមានសែ​ស្រ​​​ឡាយ ខ្មែរទាំងអាចម៍ ស៊ីច្រាច់ទាំងឬស ដូចនាយជាលដែរនោះ បាននាំគ្នាតាំងខ្លួនជាអ្នក​មានឈាមជ័រចិន យួន ដើម្បីសែនព្រេនចូលឆ្នាំប្រពៃណីនឹងគេដែរ ។

អ្វីដែលនាយជាលបានកត់សម្គាល់នោះគឺមានអ្នកខ្លះសែនមាន់ស្ងោរ ទាខ្វៃ ជ្រូកខ្វៃ និងដុតក្រដាស ហុយសំពោងពេញមុខផ្ទះ ឯនៅពាងអង្ករឯណោះសឹងរកតែអង្ករមួយ​កំប៉ុង​ស្ងោរឲ្យកូនហុត សឹងមិនបានផង តែដោយហេតុតែចង់ឲ្យគេស្ងើចសរសើរថាខ្លួនឯងជាប់សែ​ស្រឡាយចិននឹង​គេដែរ ក៏​ចេះតែប្រឹងទាំងត្រដាបត្រដួសរកលុយទិញសំណែន​ជាមួយគេឯង​អ៊ីចឹងទៅ ។ ហ្នឹងហើយគេហៅថាចិនខ្មៅ ។

ចំណែកអ្នកខ្លះទៀត មិនដឹងជាកាត់សាសន៍អីខ្លះទេ ចូលឆ្នាំចិនក៏សែន ចូលឆ្នាំខ្មែរក៏​ទៅវត្ត ចូលឆ្នាំចាមក៏សំយ៉ាំង ចូលឆ្នាំបារាំងក៏ជប់លៀង… ។ បើនិយាយឲ្យចំទៅ​មនុស្ស​ធុន​នេះទំនងជាគាត់គិតថាចង់បានអាយុច្រើន ទើបមួយឆ្នាំចូលឆ្នាំ៣-៤ដង ព្រោះបើបូក​ចំនួន​ចូល​ឆ្នាំទៅពិតជាច្រើនផស់គាត់មែន។

ក៏នៅមានអ្នកខ្លះទៀតដែលនិយមចូលចិត្តផឹក មិនថាចូលឆ្នាំចាម ចិនយួន ខ្មែរ បារាំង​ស្អីនោះទេឲ្យតែ តែមានពិធីគឺគាត់ផឹករហូត ចូលឆ្នាំចាមក៏ផឹក ចូលឆ្នាំចិនយួនក៏ផឹក ចូលឆ្នាំ​ខ្មែរ​ក៏ផឹក ចូលឆ្នាំបារាំងក៏ផឹក ជប់លៀងក៏ផឹក កូនកើតក៏ផឹក ខួបកំណើតក៏ផឹក រៀបការក៏ផឹក ភ្ជុំបិណ្ឌក៏ផឹក កឋិនក៏ផឹក បុណ្យផ្កាក៏ផឹក បុណ្យខ្មោចក៏ផឹក បុណ្យ៧ថ្ងៃ ១០០ ថ្ងៃក៏ផឹក​…​ឲ្យតែមានពិធីគឺផឹកលេចប្រមាត់ថ្លើម។ មនុស្សជំពូកនេះគេហៅថា បិតាប្រមឹក ។ និយាយឲ្យ​ចំទៅឲ្យតែមានកម្មវិធីគឺត្រូវតែផឹក ហើយពាក្យផឹកនេះមិនសំដៅផឹកទឹកតែ ឬទឹកបរិសុទ្ធទេ គឺផឹកគ្រឿងស្រវឹង សូម្បីម៉ែឪ បងប្អូនស្លាប់យ៉ាងហោចផឹកស្រាថ្នាំដែរព្រោះ​ពួកគេគិត​ថា​ផឹកដើម្បីបំបាត់ទុក្ខ ។

និយាយដល់រឿងផឹក នាយជាលភ្ញាក់ខ្លួនព្រឺត ព្រោះដឹងថាពីរបីថ្ងៃនេះចំថ្ងៃ​ចូលឆ្នាំ​​ចិន​យួនល្មម សមនឹងថ្ងៃរបស់អ្នកមានចំណូលចិត្តអ្នកផឹកនេះឯង។ នាយជាលឲ្យតែមក​ដល់ថ្ងៃ​​នឹងតែងបុក​ពោះភឹបៗ ព្រោះធ្លាប់បានដឹង បានឃើញ បានឮនឹងត្រចៀកអារឿង ចូលឆ្នាំចិន​ស្រវឹង​ខ្មែរស្អីគេនឹង មានបងប្អូនយើងគ្រោះថ្នាក់ចរាចរណ៍ស្លាប់ របួស ពិការ ច្រើនណាស់​ព្រោះ​តែ​ផឹកស្រវឹង។ បើបានជានិយាយដល់ហើយ នាយជាលសូមជួយដាស់ តឿនរំឮកបន្តិច​ទៅចុះ សូមកុំឲ្យទិវាចូលឆ្នាំចិនស្រវឹងខ្មែរក្លាយជាថ្ងៃទឹកភ្នែកដោយសារហិង្សា ឬគ្រោះថ្នាក់​ចរាចរណ៍ឲ្យសោះ ។ សូមចាំពាក្យស្លោក (ស្រវឹងកុំបើកបរ បើកបរកុំស្រវឹង)។

ដោយ៖ នាយជាល

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print