ខេត្តមណ្ឌលគិរី៖ រថយន្តដឹកម្រេចមួយគ្រឿងត្រូវភ្លើងឆាបឆេះសល់តែគ្រោងដែកប៉ុន្តែមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។
ហេតុការណ៍រថយន្តឆាបឆេះអស់ទាំងស្រុងនោះបានកើតឡើងនៅវេលាម៉ោង ១២ៈ៣៨នាទី ថ្ងៃទី៤ខែកញ្ញា ឆ្នាំ២០២០នៅត្រង់ចំណុចភ្នំបាយឆៅ តាមផ្លូវជាតិលេខ៧៦ស្ថិតក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ប្រភពបានឱ្យដឹងថា រថយន្តឆេះខូចខាតសល់តែគ្រោងឆ្អឹងដែកនោះម៉ាកហ្រ្វុនធាអត់ស្លាកលេខ អ្នកបើកបរឈ្មោះ ថុល ថា ភេទប្រុស ជនជាតិខ្មែរ មុខរបរសុីស្នូលបើកបររថយន្តឱ្យឈ្មោះ ម៉ន ស្រី ជាម្ចាស់។
មូលហេតុគឺមកពីការធ្លាយប្រេងតាមប្រអប់លេខធ្វើឱ្យឆ្លងចរន្តភ្លើងទើបបណ្តាលឱ្យមានការឆាបឆេះតែម្តង តែពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
កម្លាំងអន្តរាគមន៍របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យបានទៅជួយធ្វើអន្តរាគមន៍ដោយបានប្រើប្រាសរថយន្តពន្លត់អគ្គិភ័យអស់ទឹកមួយសុីទែនផងដែរ ៕
ដោយ ជីវ័ន្ត