ខេត្តស្វាយរៀង៖ ស្ត្រីចំណាស់ម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកក្នុងផ្ទះបង្កការភ្ញាក់ផ្អើល
និងរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យសពដែលគេសង្ស័យថាស្ត្រីរូបនេះប្រហែលជាអន់ចិត្តនឹងប្ដីដែលបានស្ដីបន្ទោស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២០ស្ថិតក្នុងភូមិអន្សោង ឃុំជ្រៃធំ ស្រុករមាសហែក។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ស្ត្រីខាងលើមានឈ្មោះសូ ផា អាយុ៧២ឆ្នាំ មុខរបរកសិករ
រស់នៅភូមិ ឃុំកើតហេតុខាងលើ ។
បើតាមក្រុមគ្រួសារបានឱ្យដឹងថា មិនគួរម្ដាយធ្វើបែបនេះសោះដោយគ្រាន់តែមានជម្លោះពាក្យសម្តីបន្តិចបន្តួចជាមួយនិឹងលោកឪពុកដែលបានស្ដីបន្ទោសរឿងការងារមួយចំនួន ស្រាប់តែនៅព្រឹកឡើងបង្កការភ្ញាក់ផ្អើលឃើញគាត់ចងកស្លាប់តែម្ដង។
ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចនគរបាលជំនាញស្រុករូមជាមួយនគរបាលប៉ុស្ត៏រដ្ឋបាលដោយមានការចូលរួមពីគ្រូពេទ្យបានធ្វើការពិនិត្យ សាកសពប្រមាណជាមួយម៉ោងទើបសន្និដ្ឋានថាជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនឯងប្រាកដមែន ដោយបានយកខ្សែនីឡុងពណ៌សចងកនៅនឹងធ្នឹមក្នុងបន្ទប់ទឹកក្នុងផ្ទះរបស់ខ្លួនខណៈមិនមានស្លាកស្នាមអ្វីថាជាអំពើឃាតកម្មនោះទេ។
ក្រោយពីពិនិត្យរួចសមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ យឹម សុថាន