កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ពីបទជួញដូរគ្រឿងញៀនជាង ២គីឡូក្រាម ទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖កម្លាំងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានបង្ហាញជនសង្ស័យជួញដូរគ្រឿងញៀនដ៏ធំម្នាក់និងរៀបចំសំណុំរឿង រួមទាំងវត្ថុតាងថ្នាំញៀន ជាង២ គីឡូក្រាម បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០២០ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ 

 លោកឧត្តមសេនីយ៍ត្រី បោន  ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរង កងយោធិពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង មានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ ។ដោយអនុវត្តនូវវិធានញុះញង់ឲ្យលក់គ្រឿងញៀន ជាលទ្ធផល នៅវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី០៣ខែកញ្ញា ឆ្នាំ២០២០ កម្លាំងការិយាល័យ បទល្មើសគ្រឿងញៀន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកព្រះនេត្រព្រះ ដឹកនាំដោយ លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលផែនការងារគ្រឿងញៀន បានចុះប្រតិបត្តិការស៊ើបអង្កេតស្រាវជ្រាវតាមវិធានការជំនាញ ឈានដល់ការបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនដ៏ធំម្នាក់ នៅចំណុច ភូមិចក្រី ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ដែលជនសង្ស័យ ឈ្មោះ ឈួន  គឹមហួត ភេទប្រុសអាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត នៅភូមិសំរោង ឃុំតាពួង ស្រុកបាត់ដំបូង ខេត្តបាត់ដំបង បច្ចុប្បន្ន នៅភូមិដីក្រហម ឃុំអន្លង់លៀប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។  

 លោកឧត្តមសេនីយ៍មេបញ្ជាការបានឲ្យដឹងទៀតថា៖ក្នុងកិច្ចប្រតិបតិ្តការបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀននេះ កម្លាំងកងរាជអាវុធហត្ថ បានដកសម្ភារវត្ថុតាងរួមមាន៖ថ្នាំញៀនមេតំហ្វេតាមីនម៉ាទឹកកក (ម្សៅក្រាមពណ៌ស)ចំនួន២ កញ្ចប់ធំ ទម្ងន់២,០៦៤ ក្រាម (២ពាន់៦៤ក្រាម) ថ្លឹងទាំងសំបក,រថយន្ត០១គ្រឿងម៉ាកតូយ៉ូតា កូរ៉ូឡា ពណ៌ប្រផេះ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2E-3600 ,ទូរស័ព្ទដៃ២គ្រឿង,អត្តសញ្ញាបណ្ណសញ្ជាតិខ្មែរ០១សន្លឹក(ឈ្មោះឈួន គឹមហួត),សៀវភៅលិខិតឆ្លងដែន០១ក្បាល,ប័ណ្ណបើកបរ០១សន្លឹក,ប័ណ្ណសម្គាល់ការបង់ពន្ធ០១សន្លឹក,កាបូបលុយ០១ ។ 

 លោកឧត្តមសេនីយ៍ត្រី បោន  ប៊ិន បានបញ្ជាក់ទៀតថា៖ក្រោយពីចាប់ឃាត់ខ្លួននិងសួរចម្លើយ ជនសង្ស័យ បានសារភាពថាខ្លួនគេបានជួញដូរគ្រឿងញៀនពិតប្រាកដមែន ដោយខ្លួនគេបានស៊ីឈ្នួលកាន់គ្រឿងញៀនឲ្យគេម្នាក់ នៅខេត្ត ស្ទឹងត្រែងបានចំនួន២លើកមកហើយ យកទៅឲ្យគេនៅខេត្តសៀមរាប ក្នុងតម្លៃឈ្នួលកាន់ចាប់ពី៥០០ដុល្លារ ទៅ១,០០០ដុល្លារ ។ដោយផ្អែកលើចម្លើយសារភាព និងការបង្រ្កាបជាក់ស្តែង ជនសង្ស័យឈ្មោះ ឈួន គឹមហួត រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញ ការិយាល័យបទល្មើសគ្រឿងញៀន បានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕

       

...

ដោយ៖វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print