ភ្នំពេញ៖មជ្ឈដ្ឋានជាច្រើន មើលឃើញថា ការដឹកលើសទម្ងន់របស់ក្រុមឡានធំៗ មិនមែនទើបតែកើតមានឡើងនោះទេ ពោលគឺ កើតមានជាយូរមកហើយ ទោះបីជាអាជ្ញាធរខិតខំបង្ការ បង្ក្រាប និង ណែនាំ យ៉ាងណាក៏ដោយ ។
ក្រុមហ៊ុនអាជីវកម្មទាំងនោះ ធ្វើដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន គឺ ត្រូវតែដឹកលើសទម្ងន់ ទោះបីជាដឹងថា ខូចផ្លូវធ្ងន់ធ្ងរក៏ដោយ ដោយ សំអាងថា ជាថវិការដ្ឋ ។
មួយរយៈពេលចុងក្រោយនេះ ឃើញថា ខាងក្រុមការងារចល័តក្រសួងសាធារណការនិងដឹកជញ្ជូន តែងតែឆ្មក់បង្ក្រាបនិងឃាត់ឡានដឹកលើសទម្ងន់ បានជាបន្តបន្ទាប់ ស្ទើរទូទាំងប្រទេស ។
ជាក់ស្តែង កាលពី៤ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារចល័ត ដឹកនាំដោយ លោក សេង ឈួន និង មន្ត្រីជំនាញជាច្រើនរូបទៀត បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើផ្លូវជាតិលេខ៤៤ នៅខេត្តកំពង់ស្ពឺ ។
ក្រសួងសាធារណការ ចេញផ្សាយថា ក្នុងកិច្ចប្រតិបត្តិការនេះ ក្រុមការងារត្រួតពិនិត្យរថយន្តដឹកខ្សាច់ ចំនួន១០គ្រឿង និង ឃាត់បានរថយន្តដឹកលើសទម្ងន់ចំនួន៩គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី៦តោនដល់១៩តោន។
ក្នុងកិច្ចប្រតិបត្តិការនេះ មន្ត្រីជំនាញបានពន្យល់ណែនាំដល់ម្ចាស់រថយន្តឲ្យយល់ពីច្បាប់នៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ (ច្បាប់ផ្លូវថ្នល់) និង សំណូមពរកុំឲ្យដឹកជញ្ជូនលើសទម្ងន់បន្តទៀត ព្រោះការដឹកលើសទម្ងន់បានបង្ក មហន្តរាយដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ៕ ដោយ៖ចេស្តា