លោក សក់ សេដ្ឋា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៥ នៅវត្តសារាវ័ន្តតេជោ

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសបុណ្យកាន់បិណ្ឌប្រពៃណីជាតិខ្មែរវេនទី០៥នេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់ជាន់ថ្នាក់ នៃក្រសួងមហាផ្ទៃ បានអញ្ជើញនាំយកនូវទេយ្យវត្ថុ និងបច្ច័យ សម្រាប់ប្រារព្ធធ្វើនូវពិធីកាន់បិណ្ឌវេនទី៥ និងប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តសារាវ័ន្តតេជោ ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានោះ លោក សក់ សេដ្ឋា ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់ជាន់ថ្នាក់ នៃក្រសួងមហាផ្ទៃ បានអញ្ជើញបូជាថ្វាយនូវគ្រឿងសក្ការៈ និងធ្វើកិច្ចនមស្ការចំពោះព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមគ្គផល មហាកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណ ឥស្សរជន និងបុព្វបុរសដែលបានលះបង់ជីវិតក្នុងបុព្វហេតុជាតិ មន្ត្រីរាជការ នគរបាល និងយុទ្ធជន យុទ្ធនារីទាំងអស់ ដែលបានពលីទៅកាន់បរលោក។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនោះ លោក សក់ សេដ្ឋា ក៏បានមានប្រសាសន៍លើកឡើងថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ គឺជាបុណ្យប្រពៃណីជាតិដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ដែលត្រូវបានគោរពប្រតិបត្តិជាយូរមកហើយ ដូចនេះ ក្នុងនាមយើងជាអ្នកជំនាន់ក្រោយត្រូវចូលរួមខិតខំថែរក្សាប្រពៃណី ទំនៀមទំលាប់ដ៏ប្រពៃនេះឲ្យបានគង់វង្ស ក៏ដូចជារួមចំណែកជាមួយសង្គមជាតិយើងរក្សាឱ្យបាននូវសុខសន្តិភាពសម្រាប់ការរីកចម្រើន និងអភិវឌ្ឍន៍ប្រទេសជាតិតរៀងទៅ។

លោក បានបន្ថែមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រទេសជាតិទទួលបានជ័យជំនះគ្រប់កាលៈទេសៈ និងរាល់ការលំបាកនានា រួមទាំងជំងឺរាតត្បាតកូវីដ-១៩នៅក្នុងប្រទេសផងដែរ ហើយរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុត។ ក្រៅពីនេះ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យបន្តរក្សាអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមទប់ស្កាត់កុំឲ្យមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នេះចូលក្នុងសហគមន៍ផងដែរ៕

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print