ហុងកុង៖ យ៉ាងហោចណាស់ក៏មានបាតុករ ៩០នាក់ត្រូវបានចាប់ខ្លួននៅក្នុងបាតុកម្ម នាថ្ងៃទី ៦ខែកញ្ញា ដើម្បីប្រឆាំងការពន្យារពេលបោះឆ្នោត។ សារព័ត៌មាន South China Morning Post បានផ្សាយថា រដ្ឋាភិបាលកោះហុងកុង ធ្លាប់បានប្រកាសថា ការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅចុងសប្តាហ៍នេះ ប៉ុន្តែត្រូវបានពន្យារពេលទៅឆ្នាំ២០២១វិញ។
កម្លាំងសន្តិសុខ បានលើកទង់ពណ៌ស្វាយ ដើម្បីព្រមានដល់ ក្រុមបាតុករថាពួកគេអាចនិងត្រូវចាប់ខ្លួន ដោយសារតែការបំពានច្បាប់សន្តិសុខ។ ក្រុមបាតុករបានស្រែកពាក្យស្លោក នៅក្នុងបាតុកម្មកាលពីឆ្នាំ២០១៩។
ភាពចលាចលកើតឡើងក្រោយពេលកម្លាំងសន្តិសុខ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងប្រើដំបងទៅលើក្រុមបាតុករ ដែលបានគប់ដបទឹកទៅលើកម្លាំងបូលិស។ កម្លាំងសន្តិសុខក៏បានចាប់ខ្លួនបាតុករ៩០នាក់ ដែលធ្វើបាតុកម្មខុសច្បាប់និងបង្កហិង្សា ។
ពលរដ្ឋកោះហុងកុងបានឲ្យដឹងថា ការបោះឆ្នោតក្រុមប្រឹក្សាបង្កើតច្បាប់ទីក្រុងនេះក្នុងអាណត្តិថ្មីត្រូវធ្វើឡើងនៅថ្ងៃទី ៦ខែកញ្ញានេះ ប៉ុន្តែ រដ្ឋាភិបាលបានពន្យារពេល ទៅឆ្នាំ២០២១ទៅវិញ។
កាលពីខែកក្កដាបានប្រកាសពន្យារពេលម្តងរួចមកហើយដោយយកមូលហេតុ ការឆ្លងរាលដាលកូវីដ-១៩។
ហុងកុងបានប្រកាសថា មកទល់ពេលនេះមានមនុស្ស៤៨០០នាក់ឆ្លងកូវីដ-១៩ ចាប់តាំងពី ខែមករា ឆ្នាំ២០២០ គឺមានចំនួនតិចជាងបណ្តាទីក្រុងនានានៅលើពិភពលោក។ មន្ត្រីកោះហុងកុងបានអនុម័តច្បាប់ហាមប្រាមពលរដ្ឋជួបជុំគ្នា លើសពី២នាក់ឡើងទៅ ហើយកម្លាំងប៉ូលិស ក៏មិនអនុញ្ញាតឲ្យធ្វើបាតុកម្មនោះឡើយ៕
ដោយ៖ធី រីណា