អន្តរជាតិ៖ មេដឹកនាំអ៊ីរ៉ង់ លោក ហាសាន់ រូហានី កាលពីថ្ងៃទី៥ ខែកញ្ញាថ្មីៗនេះ បានបង្ហាញការអន់ចិត្តនឹងប្រទេសជាមិត្តរបស់អ៊ីរ៉ង់ដែលមិនព្រមងើបឡើងប្រឆាំងអាមេរិក និងបន្តការរកស៊ីជាមួយអ៊ីរ៉ង់អំឡុងពេលវិបត្តិ COVID-19 ។ មិនតែប៉ុណ្ណោះប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានប្រើពាក្យសម្ដីខ្លាំងៗ វាយប្រហារអាមេរិក ដោយសារតែមិនព្រមដកទណ្ឌកម្មលើអ៊ីរ៉ង់សិនក្នុងពេលមានវិបត្តិCOVID-19 ធ្ងន់ធ្ងរ ។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters ដកស្រង់ប្រភពពី លោកប្រធានាធិបតីអ៊ីរ៉ង់ ដែលថ្លែងនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍រដ្ឋនៅថ្ងៃទី៥ខែកញ្ញា បានបញ្ចេញអារម្មណ៍ខកចិត្តនឹងអាមេរិក និងប្រទេសជាមិត្តរបស់អ៊ីរ៉ង់ផង។ លោក រូហានី បន្ថែមថា ប៉ុន្មានខែក្រោយ COVID-19 ទៅដល់អ៊ីរ៉ង់ គ្មាននរណាជួយប្រទេសលោកឡើយ ចំណែកអាមេរិកវិញ ក៏គ្មានបេះដូង ខួរក្បាល ឬមនុស្សធម៌អ្វីទៅទៀត ព្រោះបើមានអាមេរិកដកទណ្ឌកម្មមួយឆ្នាំសិនបាត់ទៅហើយ។
លោក រូហានី សង្កត់ធ្ងន់ថា អាមេរិកបែរជាដាក់ទណ្ឌកម្ម និងសម្ពាធថ្មីៗលើអ៊ីរ៉ង់ក្នុងពេល៧ខែមកនេះ។ នៅពេលអាមេរិកធ្វើសកម្មភាពបែបនេះ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ ក៏និយាយដល់ប្រទេសជាមិត្តរបស់អ៊ីរ៉ង់ ដែលមិនតតាំងនឹងអាមេរិក។
ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ និយាយថា៖ «មិនមានប្រទេសមិត្តភក្តិណាប្រាប់យើងថា នៅពេលលំបាកបែបនេះ និងដើម្បីមនុស្សធម៌ផង យើងនឹងងើបឡើងប្រឆាំងអាមេរិក ហើយធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ទោះអាមេរិកដាក់ទណ្ឌកម្មក្ដី។»
គួរបញ្ជាក់ថា អ៊ីរ៉ង់ ជាប្រទេសរងគ្រោះខ្លាំងជាងគេ និងមុនគេដោយសារជំងឺ COVID-19 នៅមជ្ឈិមបូព៌ា។ តួលេខអ្នកឆ្លងសរុបនៅប្រទេសមានច្រើនជាង៣៨ម៉ឺននាក់ ហើយច្រើនជាន់២២ពាន់នាក់ទៀត បានបាត់បង់ជីវិត។ ខណៈពេលជួបបញ្ហាវិបត្តិធ្ងន់ធ្ងរបែបនេះ អ៊ីរ៉ង់ ពិតជាពិបាកដកដង្ហើម ព្រោះត្រូវអាមេរិកដាក់ទណ្ឌកម្ម។
សូមជម្រាបថា បើមែនទែនទៅ ប្រទេសជាច្រើន ក៏មិនអាចរកស៊ីជាមួយអ៊ីរ៉ង់ទៅទៀត ព្រោះអាមេរិក មិនត្រឹមដាក់ទណ្ឌកម្មលើប្រទេសមជ្ឈិមបូព៌ានេះឡើយ ហើយថែមបានគំរាមដាក់ទណ្ឌកម្មលើប្រទេសណាដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសនេះទៀតផង។ខ្លាចរអានឹងការគំរាមរបស់អាមេរិកដែលជាមហាអំណាច ប្រទេសជាច្រើននាំគ្នាផ្អាករកស៊ីជាមួយអ៊ីរ៉ង់ ដោយនៅសល់តែប្រទេសខ្លះដូចជារុស្ស៊ីប៉ុណ្ណោះ៕ដោយ៖ស តារា