ភ្នំពេញ៖ មានការរិះគន់ខ្លាំងៗទៅកាន់ផលិតកម្មសាន់បន្ទាប់ពីផលិតកម្មនេះបានបញ្ចេញបទចម្រៀងថ្មីមួយក្រោមចំណងជើងថា ”ស្រលាញ់BTSពេញបេះដូង” ដែលច្រៀងដោយតារាចម្រៀងចំណូលថ្មីម្នាក់។ ការរិះគន់គឺព្រោះតែបទចម្រៀងនេះមិនបានបង្កប់តម្លៃអប់រំ និងភ្លាវខ្លាំងរកខ្លឹមសារសំខាន់មិនឃើញ។
ស្វាគមន៍តារាចម្រៀងចំណូលថ្មីកញ្ញា ម៉ានីតា ផលិតកម្មសាន់ដេបានបញ្ចេញ បទ”ស្រលាញ់BTSពេញបេះដូង” ដែល និពន្ធទំនុកច្រៀងដោយលោក ហ៊ាង ម៉េងហួរ។ ចេញមិនបានប៉ុន្មានម៉ោងផងបទចម្រៀងដែលត្រូវបានផ្សាយនៅលើគណនីយហ្វេសប៊ុក និងChanel Youtube ផ្លូវការរបស់ផលិតកម្មនោះ ត្រូវបានរងសំពងដោយការរិះគន់មិនសំច្ចៃមាត់ពីទស្សនិកជន។ អ្នករិះគន់បានធ្វើការចែករំលែក(Share) និងបញ្ចេញយោបល់(Comment) អមដោយពាក្យដៀមដាមវាយប្រហាខ្លាំងៗមានដូចជា ជាផលិតកម្មមានវ័យចំណាស់មួយប៉ុន្តែបង្កើតស្នាដៃមិនមានគុណភាពខ្សោយជាងផលិតកម្មតូចៗដែលទើបបង្កើតថ្មី។ ក្រៅពីនោះមានការលើកឡើងថាជាការច្រៀងបែបសូត្រមេសូត្រទៅតាមការជ្រួលជ្រើមរបស់អ្នកគាំទ្រតារាចម្រៀងកូរ៉េក្រុមBTSនោះ ដែលគេស្ទើតែយកប៉ោតមកគ្របក្បាលគួរឲ្យខ្មាស។ អ្នកខ្លះរិះគន់ថាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិគួរណាស់តែផលិតកម្មបង្កើនការផលិតបទចម្រៀងបែបប្រពៃណីដើម្បីជួយថែរក្សាលើកតម្កើងសិល្បៈវប្បធម៌ដូនតាល្អជាងការបង្ហាញពីការជ្រួលជ្រើមបទចម្រៀងបែបនេះ។ ជាមួយគ្នានេះក៏មានការស្នើឲ្យលប់បទចម្រៀងមួយនេះចេញ ហើយក៏មានអ្នកស្នើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជួយReport ស្នាដៃថ្មីមួយនេះផងដែរ។ នៅមានការរិះគន់ជាច្រើនទៀតលើបទចម្រៀងមួយនេះស្របពេលដែលមានសំណូមពរឲ្យផលិតកម្មវ័យចំណាស់មួយនេះបង្កើនគុណភាពនៃស្នាដៃបទចម្រៀងដើម្បីបំពេញអារម្មណ៍អ្នកគាំទ្រនិងស្របពេលដែលមានភាពប្រកួតប្រជែងខ្លាំងពីផលិតកម្មធំៗក្នុងស្រុក។
ទោះជាយ៉ាងណាគេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតំណាងផលិតកម្មបាននៅឡើយទេ ខណៈអ្នកនិពន្ធបទចម្រៀងមួយនេះក៏មិនត្រូវបានបញ្ជាក់នោះដែរ។ ទន្ទឹមគ្នានឹងបទចម្រៀងនេះផងដែរ បទថ្មីរបស់កញ្ញា សោភា ទេពី មានចំណងជើងថា “ស្មើហ្នឹងហូបប៊ីយ៉ែនៅ?” ក៏រងការររិះគន់មិនតិចដែរពីទស្សនិកជន៕
ដោយ៖ វឌ្ឍនា