អន្តរជាតិ៖ បន្ទាប់ពីអាជីវករលក់ដូរ នៅខេត្តកែប មានការតំឡើងថ្លៃហួសហេតុសម្រាប់ ម្ហូបអាហារ និងសេវាកម្មកម្សាន្តពីសំណាក់សម្រាប់ភ្ញៀវទេសចរ បានធ្វើឲ្យមហាជននាំគ្នារិះគន់យ៉ាងចាស់ដៃ ។ រហូតបញ្ហានេះ បង្កការភ្ញាក់ផ្អើលដល់ថ្នាក់ដឹកនាំខេត្តកែប និងមន្ទីរពាក់ព័ន្ធកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងអាចឈានទៅដល់ការបិទអាជីវកម្មតែម្ដងចំពោះជនណា មិនព្រមអនុវត្តតាមគោលការរបស់រដ្ឋបាលខេត្ត ។
បើតាមការបញ្ជាក់ពីលោក សោម ចិន្ដា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានឲ្យដឹងថា លោកពិតជាទទួលស្គាល់ថា៖ មានបញ្ហាការឡើងថ្លៃពិតមែន នៅតាមតំបន់ទេសចរណ៍មួយចំនួន។ ដោយលោក បញ្ជាក់យ៉ាងដូច្នេះថា៖ « កន្លងមកយើងទទួលស្គាល់ថាមានបាតុភាពចំពោះការតំឡើងថ្លៃមែន ប៉ុន្តែជាមោទនៈភាពចំពោះខេត្តគឺយើងទទួលបានភ្ញៀវទេសចរជាច្រើន តែបញ្ហាប្រឈម គឺប្រជាពលរដ្ឋយើងមួយចំនួនឆ្លៀតឱកាសក្នុងការតំឡើងថ្លៃ ហើយបង្កើតបញ្ហានេះ។ ជនដែលបង្ករបញ្ហាទាំងអស់នេះឡើងគឺមិនមែនជាអាជីវករអចិន្ត្រៃ តែជាអ្នកមកក្រាលកន្ទេលក្រោមដើមឈើយកលុយភ្ញៀវជាដើម»។
ប្រធានមន្ទីរទេសចរណ៍ខេត្តរូបនេះ បន្តថា សម្រាប់តម្លៃចំពោះអាជីវករតែងតែលក់ដូរតាមរមណីយដ្ឋានវិញ គឺវាជាការព្រមព្រាងគ្នារវាងអ្នកលក់ និងអ្នកទិញប៉ុណ្ណោះ ហើយតម្លៃអាចនឹងឡើងខ្លះមែនព្រោះ ពេលបុណ្យទាន ទេសចរមានចំនួនច្រើន ហើយអ្នកផ្គត់ផ្គង់មានចំនួនតិច។
លោក សោម ចិន្តា បានរៀបរាប់ថា « វាជាបទពិសោធន៍ ដូច្នេះថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរ ត្រៀមបង្ការចំពោះបាតុភាពដែលធ្លាប់បានកើតឡើងកន្លងមក ដោយយើងមានយន្តការទីមួយគឺចុះណែនាំប្រជាពលរដ្ឋ។ ទី២យើងបង្កើតក្រុមកាងារដើម្បីចុះអង្កេត និងតាមដាន នៅតំបន់ណាដែលតែងតែមានបាតុភាពតម្លើងថ្លៃកើតឡើង ទាំងអាជីវករអចិន្ត្រៃ និងមិនអចិន្ត្រៃ ហើយបើកន្លែងណាមានបញ្ហាខ្លាំងយើងអាចឈានទៅដល់ការបិទអាជីវកម្មតែម្ដង»។
ប្រធានមន្ទីរទេសចរណ៍រូបនេះ បានបង្ហាញចំណាប់អារម្មណ៍សោកស្ដាយថា៖ « បញ្ហាទាំងអស់នេះបានធ្វើឲ្យមានការវាយប្រហារដល់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធ ដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់ពួកគាត់ជាខ្លាំង ខណៈដែលពួកគាត់មិនបានឈប់សម្រាក និងជួបជុំប្រពន្ធកូន ពេលបុណ្យទាន ហើយថែមទាំងទទួលបានការវាយប្រហារទៅវិញ»។
គួរបញ្ជាក់ថា កាលពីថ្ងៃឈប់សម្រាកជំនួសថ្ងៃចូលឆ្នាំចំនួន៥ថ្ងៃ ខេត្តកែបបានឈរនៅលំដាប់លេខបី ជាខេត្តមានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេរហូតដល់ជិត១៥ម៉ឺននាក់ ។
ជុំវិញបញ្ហានេះដែរបច្ចុប្បន្ន ថ្នាក់ដឹកនាំខេត្ត បានសហការណ៍ជាមួយអាជ្ញាធរដើម្បីចាត់វិធានការចំពោះជនឆ្លៀតឱកាសតំឡើងថ្លៃម្ហូបអាហារនិងសេវាកម្មទេសចរយ៉ាងតឹងរ៉ឹង ៕ដោយ៖ស តារា