នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ជំរុញឲ្យកងកម្លាំងទាំងអស់ខិតខំបង្កើនសមត្ថភាពបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសសម្អាតប្រាក់

ចែករំលែក៖

ភំ្នពេញ ៖ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះនៅអគ្គស្នងការដ្ឋាននគរបាលជាតិ លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអំពីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជំនាញស៊ើបអង្កេត បង្រ្កាបបទល្មើសគ្រឿងញៀន និងបទល្មើសសម្អាតប្រាក់។

វគ្គបណ្តុះបណ្តាលនេះដែរ មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, លោកឧត្តមសេនីយ៍ឯក យី សិទ្ធិ តំណាងអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោកឧត្តមសេនីយ៍ឯក ហង្ស សុផាណារ៉ា តំណាងនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌, លោក អ៊ុង ចាន់ធួក អនុប្រធានសេនាធិការ។

សិក្ខាកាមចូលរួមវគ្គបណ្តុះបណ្ដាលនេះ មានលោកនាយករងមន្ទីរ, នាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្រ្តីទាំងអស់ចំណុះមន្ទីរប្រឆាំងគ្រឿងញៀន សរុបមានចំនួន៧៥នាក់។

លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិបាន មានប្រសាសន៍ថា «ក្នុងឱកាសនេះលោកសូមនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ដែលបានយកចិត្តទុកដាក់គិតគូរដល់ ជីវភាពរស់នៅ ការអនុវត្តការងារ សុខុមាលភាពរបស់កងកម្លាំងយើងទាំងអស់គ្នា ដោយអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលក្នុងការ ប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ហើយត្រូវខិតខំដោយខ្លួនយើង ត្រូវរក្សាអនាម័យ រក្សាគម្លាតពីគ្នា ត្រូវពាក់ម៉ាស់ បាញ់អាល់កុល ឬជែល ។ ទន្ទឹមនឹងនេះដែរ ត្រូវណែនាំដល់ក្រុមគ្រួសារ សាច់ញាតិរបស់យើងឲ្យរក្សាអនាម័យថែមទៀត ។

លោកនាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិបានមានប្រសាសន៍ទៀតថា «ថ្ងៃនេះ ជាថ្ងៃពិសេស និងជាកិត្តិយសរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលដំណើរការបើកវគ្គតាមសំណូមពរក៏ដូចជាការដឹកនាំផែនការឆមាសទី២ ឆ្នាំ២០២០ ។ នេះជាការរៀបចំជំហានទី១ បានន័យថា វគ្គទី១ ឆ្នាំ២០២០ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្នុងដំណើរការបើកវគ្គបណ្តុះបណ្តាលអំពីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជំនាញស៊ើបអង្កេត បង្រ្កាបបទល្មើសគ្រឿងញៀន និងបទល្មើសសម្អាតប្រាក់»។ ។

លោកនាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិបានមានប្រសាសន៍ទៀតថា «សិក្ខាកាមទាំង៧៥នាក់នេះ មានសិក្ខាកាមខ្លះបានហ្វឹកហ្វឺន រៀនសូត្រនៅតាមសាលាផ្សេងៗ ដូចជាសាលាដីឥដ្ឋ និងបណ្តាប្រទេសមួយចំនួនផងដែរ ។ ប៉ុន្តែលើកនេះ ហេតុអ្វីបានជាយើងត្រូវបើកវគ្គបណ្តុះបណ្តាលនេះ ? អ្វីដែលលំខាន់គឺយើងត្រូវចែករំលែកបទពិសោធន៍ ជំនាញដល់បងប្អូនឲ្យបានជ្រួតជ្រាបទាំងអស់គ្នា គឺថាយើងអាប់ឌេតឡើងវិញ នូវមុខងាររបស់យើង និងការងារជំនាញរបស់យើង ក៏ដូចជាច្បាប់ ហើយអត្ថប្រយោជន៍នៃការបណ្តុះបណ្តាលនាពេលនេះ គឺទី១-បណ្តុះបណ្តាលអំពីច្បាប់, ទី២-បណ្តុះបណ្តាលអំពីជំនាញ ហើយសំខាន់ជំនាញជាមូលដ្ឋានរបស់នគរបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន ដូចជា ៖ ការកសាងមូលដ្ឋានសម្ងាត់, ការក្តាប់សភាពការណ៍, ការកត់ត្រាសួរចម្លើយ, ប្រមូលភស្តុតាង កិច្ចប្រតិបត្តិការជាដើម ។ ក្នុងនោះដែរ គឺបានលេចធ្លោនូវការងារមួយទៀតដែលជាការងារថ្មីរបស់យើង គឺច្បាប់ប្រឆាំងការសម្អាតប្រាក់ ដែលបានមកពីបទល្មើសគ្រឿងញៀន ។
លោកនាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិបានមានប្រសាសន៍ទៀតថា ពាក់ព័ន្ធការងារប្រឆាំងបទល្មើសគ្រឿងញៀននេះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនបានលើកឡើងនូវពាក្យស្លោកថា «៣កុំ ១រាយការណ៍»។ ៣កុំ គឺទី១-កុំពាក់ព័ន្ធ បានន័យថា កុំចូលរួមជួញដូរ ចាក់ ជក់ ប្រើប្រាស់ ឬការពារពួកឧក្រិដ្ឋជនជួញដូរគ្រឿងញៀន, ទី២-កុំធ្វើអន្តរាគមន៍ បានន័យថា ពេលដែលត្រូវបង្រ្កាបទោះបីសាច់ញាតិ បងប្អូនក៏ដោយ មិនត្រូវធ្វើអន្តរាគមន៍ ការពារ ដើម្បីគេចផុតពីសំណាញ់ច្បាប់នោះទេ, ទី៣-កុំលើកលែងបន្ធូរបន្ថយ គឺដាច់ខាតកុំលើកលែង និងបានជំរុញឲ្យកងកម្លាំងទាំងអស់ ខិតខំបង្កើនសមត្ថភាពដល់ការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសសម្អាតប្រាក់ ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ដែលមានសិក្ខាកាមចូលរួមសរុប ចំនួន៧៥នាក់ ៕

ដោយ៖ សសម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print